បាត់ដំបងៈ នៅវេលាទៀបភ្លឺថ្ងៃ២២ ខែមករា ឆ្នាំ២០១៩ ស្នងការនៃស្នងការដ្ឋានននគរបាលខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធអំពើហិង្សាដោយចេតនា និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។
ជនសង្ស័យឈ្មោះ វង់ ដែន ភេទប្រុសអាយុ ២៨ ឆ្នាំរស់នៅ ក្រុម១៩ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបា់ដំបង (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះ ឈ្មោះណក សល់ ភេទប្រុសអាយុ៤៤ឆ្នាំ រស់នៅចំណុចកើតហេតុ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង ៦និង១០នាទីល្ងាចថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៩ ជនសង្ស័យ បានប្រើប្រាស់ពូថៅ កាប់ទៅលើជនរងគ្រោះ នៅចំណុចកើតហេតុជាច្រើនកន្លែង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ក្រោយធ្វើសកម្មភាពជនសង្ស័យ បានគេចខ្លួនបាត់ពីកន្លែកើតហេតុ។
ក្រោមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ក៏ដូចជាការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ កម្លាំងនគរបាលបានសហការតាមស្វែងរកជនដៃដល់រហូតដល់វេលាទៀបភ្លឺឈានចូលថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៩ ជនដៃដល់ត្រូវបានឃាត់ខ្លួន រួមទាំងវត្ថុតាង(ពូថៅ)ផង។
នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ បានឆ្លើយសារភាពថាដោយសារខ្លួនមានគំនុំ ជាមួយជនរងគ្រោះ ទើបខ្លួនប្រើប្រាស់ពូថៅកាប់ជាច្រើនកន្លែង ទៅលើជនរងគ្រោះបែបនេះ។
បច្ចុប្បន្នពេលនេះ នគរបាលកំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់