កណ្ដាលៈ កម្លាំងនគរបាលផ្នែកកោសល្យវិច័យនិងបច្ចេកទេសស្រុកពញាឮ ចុះធ្វើការពិនិត្យសាកសពបុរសម្នាក់ស្លាប់ដោយសារឆក់ត្រីមិនប្រយ័ត្នបែរជាឆក់ខ្លួនឯងស្លាប់ កាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចបឹងរោងទូក ស្ថិតក្នុងភូមិពោធិរ៉ាល់ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
មន្រ្ដីនគរបាលផ្នែកកោសល្យវិច័យស្រុកពញាឮ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហុង ទី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិពោធិរ៉ាល់ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។ មានប្រពន្ធឈ្មោះ ប្រេះ ចន្នី អាយុ៣៨ឆ្នាំ មុខរបរកសិករ។
ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ស្រ្ដីឈ្មោះ ប្រេះ ចន្នី ត្រូវជាប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៧និង៣០នាទី ជនរងគ្រោះជាប្តីបានត្រលប់មកពីធ្វើការងារសំណង់វិញ ហើយបានយកឧបករណ៍ឆក់ត្រីចេះពីផ្ទះទៅឆក់ត្រីនៅចំណុចបឹងរោងទូក ក្នុងភូមិកើតហេតុ។ លុះមកដល់វេលាម៉ោង១៨ស្រាប់តែមានដាក់មងបានឃើញភ្លើងហ្វារពាក់នៅនឹងក្បាលជនរងគ្រោះមិនមានចលនាដោយភ្លឺជាប់រហូត មានការងឿងឆ្ងល់ ភ្លាមនោះក៏ដើរទៅមើល ក៏ស្រាប់តែឃើញជនរងគ្រោះស្លាប់នៅក្នុងទឹក រួចបានប្រាប់ដំណឹងក្រុមគ្រួសារយកសពជនរងគ្រោះមកផ្ទះ និងរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំបាតដើម្បីធ្វើការពិនិត្យ ។
បន្ទាប់ពីនគរបាលប៉ុស្ដិ៍ភ្នំបាតទទួលបានព័ត៌មានខាងលើ ភ្លាមនោះបានបន្ដទៅនគរបាលជំនាញស្រុក ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ,គ្រូពេទ្យឃុំ និងក្រុមគ្រួសារធ្វើការពិនិត្យសាកសពរួចបានបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ត្រីបណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់ប្រាកដមែន ពុំមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងឡើយ ។
ក្រោយពីធ្វើការពិនិត្យចប់ នគរបាលជំនាញបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារជនរងគ្រោះយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់