ព័ត៌មានជាតិ

ប្តីហេងស៊យ! ​មានស្រីថ្មីរត់ចោល​​ ទុកឲ្យប្រពន្ធនិងកូន៣នាក់រស់នៅយ៉ាងវេទនា

ភ្នំពេញៈ ស្រ្តីវ័យ២៤ឆ្នាំម្នាក់ រួមជាមួយកូន៣នាក់ ក្នុងទឹកមុខស្រពាប់ស្រពោន វិប្បដិសារីក្នុងគ្រួសារ បន្ទាប់ពីលោកប្តីមានស្រីរត់ចុះចោលបាត់ ទុកឲ្យនាង ធ្លាក់ខ្លួនជាស្រ្តីម៉េម៉ាយកូន៣នាក់ ស្រីម្នាក់រស់នៅក្នុងសភាពតោកយ៉ាកវេទនា គ្មានអ្វីទីពឹង សម្រេចចិត្តបី ដឹកដៃកូន ដើរតាមស្វែងរកប្តី នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ មានវត្តមានដល់សាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្រ្តីកំសត់ខាងលើ​ស្នាក់នៅផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត​ខេត្តកំពត​។ ចំណែកប្តីរត់ចុះចោលបាត់ ឈ្មោះ ប៊ុន ង៉ែត អាយុ២៤ឆ្នាំ មុខរបរ កម្មករសំណង់ ។

តាមការយំរៀបរាប់ពីស្រ្តីខាងលើ បានឲ្យដឹងថា នាងក្រោយពីធំក្រមុំពេញវ័យ ត្រូវបានម្តាយធំ (ព្រោះនាងកំព្រាឪពុកម្តាយ) រៀបចំឲ្យមានគូស្រ.ករ ជាមួយបុរសខាងលើ កាលពីអំឡុងឆ្នាំ២០១២ រៀបការត្រឹមត្រូវ ទទួលស្គាល់ពីញាតិសងខាង រហូតមកដល់ពេលនេះនាងមានកូន៣នាក់ ក្នុងបន្ទុក កូនពៅអាយុ៨ខែ។

នាងបន្តទៀតថា ក្នុងស្ថានភាពទីទាល់ក្រ ទាំងប្តីប្រពន្ធ កូននាំគ្នាមកស្នាក់នៅទីក្រុងភ្នំពេញ ក្នុងរបរ ប្តីជាកម្មករសំណង់ ចំណែកនាង ដោយសារកូនតូចៗឲ្យរញ៉ុង ទើបទៅណាមិនរួច ប្តីឲ្យមនៅចាំផ្ទះមើលថែកូន ។ តែអ្វីមិននឹកស្មានដល់ គ្រាកំសត់កម្រ រស់នៅជាប្តីប្រពន្ធ ជាមួយគ្នាក្នុងដំណើរផ្លូវជីវិត៩ឆ្នាំ ស្រាប់តែនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩កន្លងមកនេះ ស្រាប់តែលោកប្តី មានស្រីថ្មីហើយរត់ចុះចោលបាត់ ជាបន្ទុកមួយធ្លាក់មកលើរូបនាង បីបាច់ចិញ្ចឹមកូន៣នាក់ ទាំងសភាពជីវភាពតោកយ៉ាក គ្មានប្រាក់មួយរៀល សម្រាប់បាយទឹកកូនទាំង៣នាក់ រស់ដោយក្តីវេទនា ។ ដោយទ្រាំនូវក្តីឈឺចាប់ផ្លូវចិត្ត និងជីវភាព នារសៀលថ្ងៃទី២២ ខែមករានេះ សម្រេចចិត្ត ដឹកដៃ ពរកូន ដើរស្វែងរកប្តី តែមិនឃើញ ក៏ចូលសាលាសង្កាត់ចោមចៅ៣ ។

ក្តីទុក្ខលំបាកវេទនា របស់ស្រ្តីម៉េម៉ាយទុរគតខាងលើ ត្រូវបានលោកចៅសង្កាត់ ចៅសង្កាត់រង ចោមចៅ៣ ជួយឧបត្ថម្ភជាទឹកប្រាក់មួយចំនួន ជូនដល់ស្រ្តីកំសត់រូបនេះ៕

មតិយោបល់