ព័ត៌មានជាតិ

ប្រជាពលរដ្ឋ៖ «លោក សុខ​ ពេញវុធ​ អភិបាលខណ្ឌដូនពេញ និងលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ធ្វើយូរៗម្តងដើម្បីជាការល្អមើល ឬក៏ធ្វើឲ្យដូចភ្លៀងរលឹម?» ….

ភ្នំពេញៈ នៅវេលាម៉ោង៧ ដល់ម៉ោង១១ព្រឹក កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ​ ដោយអនុវត្តន៍តាមគោលការណ៍របស់​ លោក​ សុខ​ ពេញវុធ​ អភិបាល​នៃគណៈអភិបាលខណ្ឌដូនពេញ​ លោក​ យស យុទ្ធី​ អភិបាលរងខណ្ឌ​, លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌ និង លោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ បានបន្តដឹកនាំកម្លាំងចុះអនុវត្តន៍រៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ជុំវិញអតីតទីលានប្រជាធិបតេយ្យ (ផ្លូវលេខ១០៦-១០៨) មហាវិថីព្រះមុនីវង្ស មហាវិថីព្រះសីហនុ ផ្លូវសុធារស តីរវិថីស៊ីសុវត្ថិ ផ្លូវប៉ាស្ទរ័ ផ្លូវត្រសក់ផ្អែម ផ្លូវលេខ១៩ ផ្លូវលេខ១១០​ ផ្លូវលេខ១១៨​ ផ្លូវលេខ១៣០ ផ្លូវលេខ១៣៦ ផ្លូវលេខ១៤៤​ ផ្លូវលេខ១៤៨​ ផ្លូវលេខ១៥៤​ ផ្លូវលេខ១៧៨ ផ្លូវលេខ១៣ និងផ្លូវសំខាន់ៗមួយចំនួនទៀតក្នុងមូលដ្ឋាន ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងទទួលបានសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរថែមទៀត ។

ជាលទ្ធផលសមត្ថកិច្ចបានធ្វើការស្ទូចរថយន្តចំនួន៣គ្រឿង, ម៉ូតូចំនួន១៤គ្រឿង , ម៉ូតកង់បីចំនួន៤គ្រឿង ត្រូវបានបញ្ជូនយកមករក្សាទុកនិងធ្វើការអប់រំណែនាំតាមក្រោយនៅសាលាខណ្ឌដូនពេញ។

ប៉ុន្តែសូមបញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋបានដាក់ចម្ងល់យ៉ាងរសើបមួយទៅកាន់លោក សុខ​ ពេញវុធ​ អភិបាលខណ្ឌដូនពេញ និងលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ថាតើ« ធ្វើយូរៗម្តងដើម្បីជាការល្អមើល ឬក៏ធ្វើឲ្យដូចភ្លៀងរលឹម ដើម្បីអនុវត្តវិធានការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ឲ្យបានកាន់តែល្អប្រសើរ? »៕

មតិយោបល់