ព័ត៌មានជាតិ

ម៉ូតូ២គ្រឿង ពន្លះគ្នាលាន់ដូចរន្ទះ ស្លាប់បុរសវ័យចំណាស់ម្នាក់យ៉ាងអាណោចអាធ័ម

កំពង់ធំៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ម៉ូតូ បុកម៉ូតូបើកឆ្លងកាត់ផ្លូវ បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័មក្រោយបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកចំការលើ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង៤៥នាទី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ២៦៤អា ភូមិស្រះបន្ទាយ ឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះកើតឡើងរវាងម៉ូតូម៉ាកហុងដាគុប ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ1CE-2784 អ្នកបើកបរឈ្មោះ នង ពៅ ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិ ឃុំកើតហេតុខាងលើ (ស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុកចំការលើ ខេត្តកំពង់ចាម)។ ចំណែកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ 1G-5256 អ្នកបើកបរឈ្មោះ កយ សុធា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិក្រូច ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បណ្តាលឲ្យរងរបួសស្រាល ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍)។

ចំណែកមូលហេតុបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូហុងដាគុប បើកបរឆ្លងកាត់ផ្លូវខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបរម៉ូតូហុងដាឌ្រីមមានល្បឿនលឿន។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់