ព័ត៌មានជាតិ

លោក ចូ បៃដិន លុបចោលទណ្ឌកម្មសល់ពីសម័យលោក ដូណាល់ ត្រាំ លើរដ្ឋអាជ្ញា ICC

 

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិននៅថ្ងៃសុក្រសប្ដាហ៍នេះបានសម្រេចចិត្តលុបចោលការដាក់ទណ្ឌកម្មលើរដ្ឋអាជ្ញាកំពូល នៃតុលាការព្រហ្មទណ្ឌអន្តជាតិ ICC កាលពីជំនាន់លោក ដូណាល់ ត្រាំ ខណៈរដ្ឋបាលរបស់លោកកំពុងស្វែងរកកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទបន្ថែមជាមួយតុលាការអន្តរជាតិមួយនេះ។

ក្រៅតែពីការដកទណ្ឌកម្មពីរដ្ឋអាជ្ញា ICC លោកស្រី Fatou Bensouda រដ្ឋបាលលោក បៃដិនក៏បានដកទណ្ឌកម្មចេញផងដែរលើមន្ត្រីជាន់ខ្ពស់ ICC ជាច្រើនរូបទៀត។

អតីតរដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសដាក់ទណ្ឌកម្មលើលោកស្រីរដ្ឋអាជ្ញា Bensouda និងមន្ត្រីជាន់ខ្ពស់ជាច្រើន បន្ទាប់ពីលោកស្រី បើកការស៊ើបអង្កេតលើការចោទប្រកាន់ថាកងទ័ពអាមេរិកបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងការស៊ើបអង្កេត លើករណីឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងទឹកដីប៉ាឡេស្ទីន ដែលសង្ស័យថាប្រព្រឹត្តិឡើងដោយអ៉ីស្រាអែល។

តែទោះជាយ៉ាងណារដ្ឋបាលលោក ចូ បៃដិន នៅតែរក្សាជំហរដូចគ្នាទៅនឹងរដ្ឋបាលលោកដូណាល់ ត្រាំដដែលនោះគឺមិនយល់ស្របជាដាច់ខាត ចំពោះការស៊ើបអង្កេតលើកងទ័ពអាមេរិក និងសម្ព័ន្ធមិត្តដូចជាអ៉ីស្រាអែល៕

Reuters៖ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១

មតិយោបល់