Update៖ អគ្គិភ័យឆេះរោងស្នាក់នៅរបស់ជនជាតិចិន ក្នុងការដ្ឋានសំណង់អាគារខុនដូ«STAR CITY»រយៈពេល១ម៉ោង ផ្អើលខ្លាំងពេញខណ្ឌសែនសុខ
ភ្នំពេញៈ រោងស្នាក់នៅសង្ក័សីរបស់កម្មករជនជាតិចិនមួយខ្នង ដែលនៅខាងក្នុងការដ្ឋាន សាងសង់អាគារខុនដូSTAR CITY ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងរថយន្តពន្លត់អគ្គិភ័យ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ត្រង់ចំណុចក្បែរខាងលិចគល់ស្ពានអាកាសផ្សារដើមហុយ ស្ថិតក្នុងក្រុមទី១ ភូមិទ្រង់មាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកម្មករសំណង់ដែលធ្វើការថែមម៉ោងនៅក្នុងការដ្ឋានខាងលើបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានលឺសម្លេងផ្ទុះ ចេញមកពីក្នុងបន្ទប់មួយ ដែលនៅក្នុងរោងកើតហេតុខាងលើខណៈដែលគ្មានកម្មករស្នាក់នៅខាងក្នុងនោះទេ។ មួយស្ទុះក្រោយមកក៏ស្រាប់តែមានផ្សែងហុយខ្មួលខ្មាញ់លាយឡំនឹងអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ចេញមកពីបន្ទប់នោះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្មករដែលកំពុងធ្វើការ និងកំពុងសម្រាកនៅក្នុងការដ្ឋាន នាំគ្នាចូលទៅជញ្ជូនសម្ភារៈមួយចំនួនដែលនៅក្នុង បន្ទប់ជាប់នោះយកចេញមកខាងក្រៅ។ភ្លាមនោះក៏មានកម្មករផ្សេងទៀតបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ អស់ជាច្រើនបំពង់ ប៉ុន្តែដោយមិនអាចគ្រប់គ្រងស្ថានការណ៍បាន ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាននិងរថយន្តពន្លត់អគ្គិភ័យឲ្យចុះមកជួយធ្វើការអន្តរាគមន៍។
បន្ទាប់មកភ្លើងក៏បានឆាបឆេះរាលដាលដល់បន្ទប់ផ្សេងទៀតយ៉ាងសន្ធោសន្ធៅ រួចមកក៏ឃើញមានរថយន្តពន្លត់អគ្គិភ័យបានចុះមកធ្វើការអន្តរាគមន៍បាញ់ជាបន្តបន្ទាប់ចំនួន១៥គ្រឿង។ ដោយសារផ្លូវចូលទៅរោងកើតហេតុមានសភាពតូចចង្អៀត ពិបាកដល់ការចូលរថយន្តទៅបាញ់ពន្លត់ ទើបបណ្តាលឲ្យភ្លើងកាន់តែឆេះរាលដាលពេញរោងស្នាក់នៅរបស់កម្មករខាងលើទាំងស្រុងតែម្តង។ រហូតដល់ម៉ោង៩យប់ ថ្ងៃដដែល ស្ថានភាពភ្លើងត្រូវបានគ្រប់គ្រងបាញ់ពន្លត់ រលត់ជាស្ថាពរ ដោយប្រើប្រាស់ទឹកអស់ចំនួន១៥គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន៧គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងជ្រោយចង្វារចំនួន៥គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងកោះពេជ្រចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង។
បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងករណីអគ្គិភ័យខាងលើនេះ គឺបណ្តាលឲ្យឆាបឆេះរោងស្នាក់នៅរបស់កម្មករជនជាតិមួយខ្នង ប្រក់សង្ក័សីដែលមានត្រាប់អេប៉ុងពីខាងក្នុង (មួយជាន់ មាន១០បន្ទប់) និងមានទំហំសរុប១០ម៉ែត្រគុណនិង២០ម៉ែត្រ រួមទាំងសម្ភារៈមួយចំនួនតូចរងការខូចខាតអស់ទាំងស្រុង។ ហើយជំហានដំបូងសមត្ថកិច្ចបានសណ្ឋានថាគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី កើតជាអណ្តាតភ្លើង៕
មតិយោបល់