ព័ត៌មានជាតិ

ជនដៃដល់ម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីយកចបវាយនិងកាប់ជនរងគ្រោះរបួសធ្ងន់

បន្ទាយមានជ័យ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ជនរងគ្រោះម្នាក់បានរងរបួសធ្ងន់ ឯជនដៃដល់ព្យាយាមរត់គេចខ្លួន តែត្រូវបានកម្លាំងនគរបាលស្ទាក់ចាប់បាន បន្ទាប់ពីកើតមានអំពើហិង្សាដោយចេតនា ដែលកើតឡើងវេលាម៉ោង ០៥និង១០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចគោកស្វាយចម្ងាយប្រហែល ២.០០០ម៉ែត្រ ខាងកើតភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ដំបូងមនុស្ស០១ក្រុមគ្នីគ្នាចំនួន០៥នាក់មាន៖ ១/-ឈ្មោះ ច្រឹក ឆវន្ត អាយុ២២ឆ្នាំ, ២/-ឈ្មោះ វុធ រ៉ាវីន ប្រុស អាយុ២៩ឆ្នាំ, ៣/-ឈ្មោះ ហួ ម៉ាប់ ប្រុស អាយុប្រហែល៣១ឆ្នាំ, ៤/-ឈ្មោះ ច្រឹក ឆវ៉ាត់ ប្រុស អាយុ២៥ ឆ្នាំ ទាំង០៤នាក់ មានទីលំនៅភូមិបែកចានចាស់ ឃុំស្វាយចេក,​​ ៥/-ឈ្មោះ ងោល ភេទប្រុស អាយុប្រហែល៣០ឆ្នាំ នៅភូមិតាអុងលិច ឃុំស្វាយចេក ។

លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ពួកគេទាំង០៥នាក់ បាននាំគ្នាទៅជីកគាស់ដើមធ្នង់ នៅចំណុចគោកស្វាយ ចម្ងាយប្រហែល ២.០០០ម៉ែត្រ ខាងកើតភូមិខ្វាវលិច ឃុំស្វាយចេក នៅពេលកំពុងតែជីកគាស់គល់ធ្នង់នោះ ឈ្មោះ ងោល ជាជនរងគ្រោះ បានរអ៊ូដាក់ឈ្មោះ ច្រឹក ឆវ៉ាត់ ថាមិនសូវជួយជីក ពេលដែលបានលុយ មិនត្រូវយកស្នើគេ ដែលជាអ្នកខំជីកនោះទេ ដោយលឺដូច្នោះឈ្មោះ ច្រឹក ឆវ៉ាត់ ជាជនដៃដល់ខឹង ក៏បានវាយទៅលើឈ្មោះ ង៉ោល ដែលកំពុងជីកគាស់គល់ធ្នង់ ដោយពុំដឹងខ្លួនចំនួន០២ដងចបកាប់ត្រូវចំក្បាល បណ្តាលឲ្យបែកហូរឈាមជោកខ្លួន ក្រោយពេលធ្វើសកម្មភាពរួច ជនដៃដល់បានរត់គេចខ្លួន ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលស្រុកស្វាយចេក បានចេញអន្តរាគមន៍ ចាប់ឃាត់ខ្លួនជនដៃដល់បាន បញ្ជូនទៅអធិការដ្ឋាន នគរបាលស្រុកស្វាយចេក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននរបាលខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ៕

មតិយោបល់