ព័ត៌មានជាតិ

រថយន្តស៊ាំយ៉ុង បុកបុរសម្នាក់កំពុងដើរថ្មើជើងក្រឡាប់ របួសធ្ងន់ស្រាលសរុប៥នាក់

តាកែវៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តស៊ាំយ៉ុង បុកអ្នកដើរថ្មើជើងម្នាក់ បណ្តាលឲ្យរបួសធ្ងន់ ចំណែកអ្នកដំណើរនៅលើរថយន្ត៤នាក់របួសធ្ងន់ស្រាល។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង១០នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៩២-៩៣ ក្នុងភូមិបឹងម្កាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

រថយន្តបង្កម៉ាកស៊ាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-1074 (អ្នកបើកបរគេចខ្លួនបាត់) បើកបរមកពីទិសខាងកើត លុះមកដល់ចំណុចខាងលើ ក៏បានបុកអ្នកថ្មើរជើងម្នាក់ ភេទប្រុស មិនទាន់ស្គាល់អត្តសញ្ញាណពិតប្រាកដ (វិកលចរិក) ដែលដើរមកពីទិសខាងលិច បណ្តាលឲ្យរងរបួសធ្ងន់ និងអ្នករួមដំណើរក្នុងរថយន្តខាងលើរងរបួសធ្ងន់ស្រាលចំនួន៤នាក់៖ ទី០១./ឈ្មោះ ហួន កាយ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរលក់ដូរ នៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត (រងរបួសស្រាល) ទី០២./ឈ្មោះ រស្មី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់ដូរ នៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត (រងរបួសស្រាល) ទី០៣./ឈ្មោះ ង៉ែត ឆែម ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរធ្វើស្រែ នៅភូមិមនោសុខ ឃុំតាកែន ស្រុកឈូក ខេត្តកំពត (រងរបួសធ្ងន់) ទី០៤./ឈ្មោះ ឌឿក ស្តើង ភេទស្រី អាយុ៣២ឆ្នាំ មុខរបរធ្វើស្រែ នៅភូមិមនោសុខ ឃុំតាកែន ស្រុកឈូក ខេត្តកំពត (រងរបួសស្រាល)។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះមកដល់ធ្វើការវាស់វែងយករថយន្តខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕

មតិយោបល់