បាត់ដំបងៈ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នេះ ដោយអនុវត្តនូវបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពីលោក នួន សានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌបានដឹកនាំកម្លាំងនគរបាលជំនាញក្នុងផែន ធ្វើការស្រាវជ្រាវករណី (លួចមានស្ថានទម្ងន់ទោស) គាស់ផ្ទះប្រជាពលរដ្ឋក្នុងមូលដ្ឋានលួចយកទ្រព្យសម្បត្តិមួយករណី។
ឃាត់ខ្លួនយុវជនម្នាក់ឈ្មោះ ជា កក្កដា ហៅតឿ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ព្រមទាំងធ្វើការដកហូតនូវសម្ភារៈភស្តុតាងមួយចំនួនរួមមានខ្សែកមាសមួយខ្សែទម្ងន់០៥ជី ខ្សែដៃមាសមួយខ្សែទម្ងន់០៥ជី ប្រាក់ដុល្លាចំនួន១៣០០ដុល្លារ ប្រាក់បាតចំនួន១០០០បាត ។
សូមបញ្ជាក់ថា កាលីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ០៩ព្រឹកជនសង័្សយឈ្មោះ ជា កក្កដា ហៅតឿ បានប្រើប្រាស់ពូថៅនិងឧបករណ៍ដ៍ទៃទៀត គាស់បំផ្លាញ(ស្រយូវទ្វារ)ចូលទៅលួចយកសម្ភារៈគ្រឿងអលង្កការប្រាក់កាសមួយចំនួន ក្នុងខណៈដែលម្ចាស់លំនៅដ្ឋានឈ្មោះ វ៉ាទ ថាវី ភេទស្រី អាយុ៥០ឆ្នាំ មានមុខរបរលក់ដូរ និងមានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បានចេញទៅប្រកបមុខរបរនៅខាងក្រៅផ្ទះ ។ ផ្តើមចេញពីការស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់និងក្តៅគគុកទើបឈានទៅដល់ការឃាត់ខ្លួនជនស័ង្សយខាងលើ ។
បច្ចុប្បន្នជនសង័្សយនិងវត្ថុតាងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់