កណ្តាលៈ ហេតុការណ៍ដ៍រន្ធត់មួយបានកើតឡើង ដោយមានក្មេងប្រុសវ័យ១៤ឆ្នាំម្នាក់ បើករ៉ឺម៉កម៉ូតូក្រឡាប់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចមាត់ព្រែកមេស្រុក ស្ថិតក្នុងភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ហ៊ីវ ហាវ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
មុនពេលកើតហេតុ ជនរងគ្រោះបានបើកបររ៉ឺម៉កម៉ូតូ ទិសដៅពីជើងទៅត្បូង ទៅដឹកចំបើងដីស្រូវប្រាំងនៅមាត់បឹងក្រាញ់ធ្វើដំណើរតាមមាត់ព្រែកមេស្រុក (មាត់ព្រែកខាងកើត) ដោយរួមដំណើរជាមួយ៖ ទី១ ឈ្មោះ សាន សិទ្ធ ភេទប្រុស អាយុ៤ឆ្នាំ ,ទី២ ឈ្មោះ ចា សេងហ៊ួ ភេទប្រុស អាយុ១៤ឆ្នាំ ,ទី៣ ឈ្មោះវណ្ណៈ វណ្ណថន ភេទប្រុស អាយុ១៤ឆ្នាំ ,ទី៤ ឈ្មោះ នឹង រិទ្ធី ភេទប្រុស អាយុ១៣ឆ្នាំ ,ទី៥ ឈ្មោះ ណន ផានីណេត ភេទប្រុស អាយុ១៤ឆ្នាំ ,ទី៦ ឈ្មោះ ហុក ម៉េងហាក់ ភេទប្រុស អាយុ១០ឆ្នាំ អ្នកទាំង០៦ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ លុះបើកបររ៉ឺម៉កមកដល់ចំណុចកើតហេតុ ក៏រេចង្កូតក្រឡាប់រ៉ឺម៉កចូលក្នុងព្រែកបណ្តាលឲ្យរ៉ឺម៉កសង្កត់ជនរងគ្រោះជាអ្នកបើក កប់ភក់រួចក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្អាង ក៏បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ចំណែក៦នាក់ទៀតមិនរងរបួសទេ(លោតចុះពីលើរ៉ឺម៉ក)។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចករណីនេះបណ្ដាលមកពីអ្នកបើកបររ៉ឺម៉កខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង៕
មតិយោបល់