ព័ត៌មានជាតិ

ហ៊ានខ្លាំងណាស់! ម្ចាស់ម៉ូតូជាទាហាននៅក្បែរហ្នឹងហើយ ហ៊ានលួចទៀត!

ភ្នំពេញៈ បុរសជាទាហានម្នាក់ ទុកម៉ូតូចម្ងាយ១០ម៉ែត្រពីខ្លួន មិនបានដកសោត្រូវចោរលួចជិះ ភ្លាមៗនោះម្ចាស់ឃើញទាន់ជិះម៉ូតូមួយគ្រឿងទៀតរហូតដល់ផ្សារព្រែកលៀបទើបចាប់ជនសង្ស័យបានរួចប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលីវេលាម៉ោង៣រសៀល ថ្ងៃទី២៨​ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅម្តុំគល់ស្គានព្រែកតាគង់ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សៀវ​ ម៉េង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។ ជនរងគ្រោះឈ្មោះ ជីវ វុធទ្រី ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរទាហាន ស្នាក់នៅភូមិកើតហេតុខាងលើ ជាម្ចាស់ម៉ូតូម៉ាកឡែត ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1GI-3976​ ម៉ូតូដែលជនសង្ស័យបានលួច។

តាមសម្តីជនម្ចាស់ម៉ូតូនិងអ្នករួមដំណើរម្នាក់ទៀតដែលពួកគាត់ជាអ្នកជិះម៉ូតូដេញតាមជនសង្ស័យបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានទុកម៉ូតូឃ្លាតពីខ្លួនប្រមាណ១០ម៉ែត្រ ដោយមិនបានដកសោម៉ូតូចេញ ស្រាប់តែក្រឡេកមើលឃើញជនសង្ស័យជិះម៉ូតូរបស់គាត់ចេញភ្លាមៗនោះគាត់ទាំង២នាក់បានយកម៉ូតូមួយគ្រឿងទៀតជិះដេញតាមពីក្រោយនិងស្រែកថាចោរៗរហូតដល់មុខសាលាប៊ែលធីម្តុំផ្សារព្រែកលៀបផ្លូវជាតិលេខ៦ ទើបជនសង្ស័យផ្តួលម៉ូតូចោលរួចរត់បានបន្តិចក៏ពួកគាត់ចាប់បានរួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ព្រែកលៀបតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារដើម្បីសួរចម្លើយនិងកសាងសំណុំរឿងតាមច្បាប់៕

មតិយោបល់