ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ដាប់សម្ដីខ្លះៗ លើកឡើងពីស្នាដៃទី២របស់ផលិតកម្មក្លាស៊ិក

ក្នុងពិធីសម្ពោធរឿង«ម៉ាដាមអាប»កាលពីថ្ងៃទី២៦ មករា គេកត់សម្គាល់ថាបានទាក់ទាញឲ្យតារាសិល្ប:ទៅទស្សនាយ៉ាងច្រើនកុះករតែម្ដង ខណ:ដែលក្រៅពីតួសម្ដែងក្នុងរឿង ក៏មានតារាដែលទៅបង្ហាញខ្លួនជាកិត្តិយសក៏មានចំនួនច្រើន ទើបធ្វើឲ្យពិធីសម្ពោធរឿងនាថ្ងៃនោះមានភាពអឹកអធឹក។

អ្វីដែលគេចាប់អារម្មណ៍ គឺតារា អ្នកទស្សនាភាគច្រើនដែលបានតាមដានភាពយន្តនេះក្នុងថ្ងៃបើកឆាក គឺសុទ្ធតែលាន់មាត់ជារឿងល្អមើល និងសើចតាំងពីដើមដល់ចប់ខុសពីរឿង«នរណាComeback»ដែលផលិតកម្មនេះធ្លាប់បានផលិតកន្លងមក។

អ្នកស្រី សាក់សាកេត មយ៉ូរ៉ា ផលិតករជើងចាស់ បានអះអាងថាមួយរឿងនេះគឺចាត់ទុកថាល្អមើលគួរឲ្យសរសើរ ដោយសារតែខាងផលិតករចេះរកចំណុចឲ្យសើច ហើយជាឈុតឆាកសើចសប្បាយ ដែលខុសប្លែកពីរឿងកំប្លែងមុនៗដែលអ្នកស្រីធ្លាប់បានទស្សនា។ អ្នកស្រីថាមួយរឿងនេះបើទោះនៅមិនទាន់ល្អដូចភាពយន្តបរទេសដែលមានដើមទុនដល់សែនដល់លានដុល្លារដើម្បីផលិត ប៉ុន្តែសម្រាប់សាច់រឿងទាំងមូល គឺអាចនិយាយបានទស្សនាមិនស្ដាយលុយ។

កញ្ញា រ៉ូហ្សា ដែលមានឈ្មោះដើមថា លោក គន់ រៀមរតន: បានអះអាងថាភាពយន្តនេះ លោកហួរ សុផល នឹងមិនពិបាកស៊ីលុយ ដោយសារតែក្នុងរឿងទាំំងមូលសម្ដែងសុទ្ធតែតារាល្បីៗ ហើយបើនិយាយពីសាច់រឿងវិញ គឺសើចចុកពោះ ហើយមានឈុតឆាកប្រទាក់ក្រឡា។

លោកថាល្អមើលដល់ថ្នាក់មិនហ៊ានចេញទៅបន្ទប់ទឹកព្រោះតែស្ដាយសាច់រឿង ជាពិសេសក្នុងពេលឈុតឆាកខ្មោចបន្លាច និងឈុតឆាកសំណើច។

លោក ឈួន ពន្លឺ ជាតួសម្ដែងមួយរូបដែរ បានបង្ហាញក្ដីសង្ឃឹមថាយ៉ាងខ្លាំងថា ស្នាដៃដែលលោកបានសម្ដែងនៅក្នុងរឿងនេះ នឹងទាក់ទាញមហាជនបានច្រើន ក្នុងពេលដែលថ្ងៃបើកសម្ពោធ លោកក៏ទទួលបានការសរសើរថាល្អមើល ច្រើនជាងការរិះគន់ខុសពីការផលិតរបស់ផលិតកម្មក្លាស៊ិកមួយរឿងមុន។ យ៉ាងណាមិញ លោកនៅតែទទូចឲ្យមានអ្នកចូលទៅគាំទ្រឲ្យបានច្រើន ដើម្បីជួយផ្ដល់កម្លាំងចិត្តដល់ផលិតករផង និងជួយជ្រោមជ្រែងឲ្យតារាខ្មែរកាន់តែមានទីផ្សារផង។

លោក រុន ណាកូ ដែលមានឆាកនៅក្នុងរឿងនេះដែរ បានអះអាងថាធៀបនឹងភាពយន្តរឿង«នរណា Comeback» ដែលផលិតកម្មក្លាស៊ិកបានផលិតដូចគ្នា ភាពយន្តរឿង«ម៉ាដាមអាប» គឺល្អមើលទាក់ភ្នែក ដោយលោកបង្ហើបថាលោកសើចឡើងខ្ទរពេញរោងតាំងពីដល់ចប់។ លោកថានៅក្នុងរឿងនេះ លោកក៏បានសម្ដែងមួយឆាកផងដែរ គឺសម្ដែងជាតួអង្គប្រុសស្រឡាញ់ប្រុស ប៉ុន្តែអ្វីដែលលោកកោតសរសើរគឺឈុតកំប្លុកកំប្លែងរបស់តួអង្គទាំងអស់ ដែលបានរំលេចនៅក្នុងសាច់រឿង។ លោកថាភាពយន្តមួយនេះ បើមានការផ្សព្វផ្សាយឲ្យទូលំទូលាយ គឺពិតជាមិនពិបាកស៊ីលុយនោះទេ ដោយសារតែក្រៅពីសំបូរឈុតសំណើច ក៏មានឈុតឆាកភ័យរន្ធត់ ស្រែកស្ទើរផ្អើលរោងផងដែរ។

នៅក្នុងពិធីសម្ពោធនោះ គេឃើញតារាសិល្ប: និងភ្ញៀវកិត្តិយស ចូលរួមយ៉ាងកុះករ ក្នុងពេលដែលអ្នកចូលទស្សនាក៏ស្ទើរមិនមានកន្លែងឲ្យអង្គុយទស្សនា។ តារាសិល្ប:ដែលបានចូលរួមមិនមែនគ្រាន់តែតួសម្ដែងនោះទេ គឺសូម្បីតែតារាដែលជាភ្ញៀវកិត្តិយសក៏ច្រើនណាស់ដែរ ទើបក្នុងថ្ងៃបើកសម្ពោធត្រូវគេចាត់ទុកថាមានការផ្ទុះខ្លាំងគួរឲ្យសរសើរ បើធៀបនឹងការបើកសម្ពោធដាក់បញ្ចាំងរឿង«នរណា Comeback» ដែលក្នុងពេលនោះសាច់រឿងត្រូវបានគេអះអាងថាមិនសូវទាក់ទាញ៕

មតិយោបល់