ភ្នំពេញៈ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនិជន ចុះបង្ក្រាបទីតាំងម៉ាស្សាកោសជប់មួយកន្លែង នៅផ្ទះលេខ៣៥១ ជាប់ផ្លូវលេខ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយឃាត់ខ្លួនម្ចាស់ទីតាំងប្រុសស្រី២នាក់ និងនារីបម្រើការងារ២នាក់ទៀត ពាក់ព័ន្ធនឹងករណី លួចបង្កប់សេវាបម្រើផ្លូវភេទ។ ហើយក្នុងប្រតិបត្តិការណ៍ខាងលើនេះគឺមានការសម្របសម្រួលដោយលោកស្រី ស្រ៊ឺ វណ្ណី ព្រះរាជអាជ្ញរងអមសាលាដំបូងរាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា មុនឈានដល់ការចុះបង្ក្រាបទីតាំងម៉ាស្សាខាងលើនេះ ដោយទទួលបានពាក្យបណ្ដឹងរបស់ម្ដាយនារីបម្រើការនៅក្នុងទីតាំងម៉ាស្សាម្នាក់ដែលមានអាយុ១៧ឆ្នាំ បានចាញ់ល្បួងរបស់គេឲ្យមកធ្វើការក្នុងហាងម៉ាស្សា រួចក៏ល្បួងឲ្យបម្រើសេវាផ្លូវភេទជាមួយភ្ញៀវ ហើយនារីនោះក៏បានតេទៅប្រាប់ម្ដាយ រួចម្ដាយក៏ទៅដាក់ពាក្យបណ្ដឹងនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជនឲ្យជួយអន្តរាគមន៍។ ក្រោយទទួលពាក្យបណ្ដឹង សមត្ថកិច្ចជំនាញ ក៏បានបើកការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបទីតាំងខាងលើតែម្ដង។
បច្ចុប្បន្ន ម្ចាស់ទីតាំងប្រុសស្រី២នាក់ និងនារីបម្រើការងារអនីតិជន២នាក់ ត្រូវបាន បញ្ជូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន ដើម្បីសួរនាំបន្ដតាមនីតិវិធីច្បាប់៕







មតិយោបល់