ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបម៉ាកអាម៉ារ៉ុក ស្លាកលេខភ្នំពេញ 2AX-2555 ប៉ះជាមួយរថយន្តស៊េរីទំនើបឡង់គ្រឺស័រ០១៨ ស្លាកលេខ 2BF-6778​ អាងខ្នងសុទ្ធតែលោកចៅហ្វាយក្រុងដែលជាមិត្តភក្តិ ចុងក្រោយបញ្ចប់ត្រឹមសំណង១៥០ដុល្លារ

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត ស៊េរីទំនើប ម៉ាកអាម៉ារ៉ុក ស្លាកលេខ ភ្នំពេញ 2AX-2555 បានប៉ះថ្ពាល់ខាងក្រោយរថយន្តម៉ាក ឡង់គ្រឺស័រឆ្នាំ២០១៨ ស្លាកលេខ 2BF-6778​ បណ្តាលឲ្យខូចខាត រហូតមានការទាស់ពាក្យសម្តីគ្នា ដោយភាគីខាងរថយន្តឡង់គ្រឺស័រស៊េរីឆ្នាំ២០១៨ បានអាងខ្នងតេទៅលោកចៅហ្វាយក្រុងដែលជាមិត្តភក្តិ លុះក្រោយមកក៏បញ្ចប់រឿងត្រឹម១៥០ដុល្លារ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក​ ថ្ងៃទី២៩​ ខែមករា ឆ្នាំ​២០១៩ នៅចំណុចស្តុបតេលា ផ្លូវ៥៩៨ កែងផ្លូវបេតុង ភូមិទទួលគោក​ សង្កាត់ទួលសង្កែទី១​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ។

រថយន្តបើកនៅខាងមុខម៉ាក ឡង់គ្រឺស័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BF-6778​ ស៊េរីឆ្នាំ២០១៨ បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ និងរថយន្តបើកពីក្រោយម៉ាក អាម៉ារ៉ុក ពណ៌ដី ពាក់ស្លាកលេខ ភ្នំពេញ 2AX-2555​ បើកដោយបុរសម្នាក់មិនស្គាល់ឈ្មោះជាអ្នកបើករថយន្តឲ្យគេ។

តាមព័ត៌មាននៅកន្លែងកើតហេតុឲ្យដឹងថា រថយន្តម៉ាក អាម៉ារ៉ុក បានជ្រុលប៉ះគូទពីក្រោយរថយន្តឡង់គ្រឺស័រខាងឆ្វេងខូចខាតបន្តិចបន្តួច ហើយភាគីទាំងសងខាងសម្រួលគ្នាមិនត្រូវ មួយសន្ទុះក្រោយមកមានបុរសម្នាក់ មកក្នុងន័យជួយសម្របសម្រួលឲ្យខាងភាគីរថយន្តអាម៉ារ៉ុក ដោយគាត់និយាយថា អាណិតគ្នា គ្នាក្រ ហើយជាអ្នកបើកឡានឲ្យគេ ដោយសុំទាមទារសំណងត្រឹមតែ១០០ដុល្លារបានហើយ តែភាគីអ្នកបើករថយន្តឡង់គ្រីស័រស៊េរី០១៨ មិនព្រមដោយទាមទារសំណង២០០ដុល្លារទើបធ្វើរថយន្តគ្រាន់ ក្រោយមកក៏ទាស់ពាក្យសម្តីគ្នាជជែកគ្នាតឹងសសៃករៀងៗខ្លួន ស្រាប់តែពេលនោះ ភាគីរថយន្តឡង់គ្រឺស័រ០១៨ បានអាងខ្នងតេទៅកាន់លោកចៅហ្វាយក្រុង ដោយអះអាងថាជាមិត្តភក្តិ ទៀតផង តែក៏នៅតែសម្រួលគ្នាមិនត្រូវ ក្រោយមកទើបភាគីទាំង២យល់ព្រមសម្របសម្រួលគ្នា ដោយព្រមទទួលសំណងចំនួន១៥០ដុល្លារ ដើម្បីបញ្ចប់រឿងតែម្តង៕

មតិយោបល់