ព្រៃវែងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង បើកបរក្នុងស្ថានភាពងងុយដេក បានរេចង្កូតធ្លាក់ពីលើផ្លូវ បណ្តាកឲ្យមនុស្សចំនួន២នាក់ស្លាប់ និង២នាក់ទៀតរងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣និង៥នាទីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចលើផ្លូវជាតិលេខ៨ ចន្លោះគីឡូ៦៨-៦៩ ភូមិព្រហ្ម ឃុំ ព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថាករណីនេះកើតឡើង ខណៈដែលរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ព្រះស៊ីហនុ 3A-0473 បើកបរពីលិច ទៅកើត លុះដល់កន្លែងកើតហេតុអ្នកបើកបរងងុយដេក(ងក់) បានរេចង្កូតជ្រុលធ្លាក់ចូលចិញ្ចើមផ្លូវ បណ្តាលឲ្យក្រឡាប់ផ្អៀង រហូតបណ្តាលឲ្យស្លាប់មនុស្ស២នាក់ និង២នាក់ទៀតរងរបួស ក្នុងនោះរួមមាន៖
១.ឈ្មោះ លី ណូ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង (ស្លាប់)។
២.ឈ្មោះ (មិនទាន់ស្គាល់អត្តសញ្ញាណរស់នៅភូមិព្រៃកណ្តៀង(ស្លាប់ )។
៣.ឈ្មោះ សាំង កុសល ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង (រងរបួស)។
៤.ឈ្មោះ គក់ កូ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង រងរបួស។
ក្រោយពេលកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់។ ចំណែកអ្នករងរបួសត្រូវបានបញ្ជូនមកមន្ទីរពេទ្យស្រុកពារាំង។ ចំណែកអ្នកស្លាប់សមត្ថកិច្ចកំពុងទាក់ទងឲ្យក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែករថយន្តត្រូវបានសមត្ថកិច្ចធ្វើការទំនាក់ទំនងរករថយន្តស្ទូច ដឹកយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីបំពេញសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់