លោក Roy Hodgson ត្រូវបានគេតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិតោកំណាចអង់គ្លេសកាលពីថ្ងៃអង្គារម្សិល ដោយបានចុះហត្ថលេខារយៈពេលបួនឆ្នាំ។

គ្រូបង្វឹកដ៏មាន បទពិសោធនិងប្រជាប្រិយភាពវ័យ 64 ឆ្នាំរូបនេះកំពុងតែដឹកនាំក្រុមក្នុងក្របខណ្ឌ Barclays Premier League, West Bromwich Albion ត្រូវបានសហព័ន្ធបាល់ទាត់ FA ផ្តល់សេចក្តីទុកចិត្តជាងគេក្នុងការស្វែងរក ជោគជ័យសម្រាប់ក្រុមអង់គ្លេសនៅការប្រកួត Euro 2012 អ៊ុយក្រែន និង ប៉ូឡូញ និងការប្រកួត World Cup 2014 នៅប្រទេសប្រេស៊ីល។
គួរបញ្ជាក់ផងដែរថា កៅអីគ្រូបង្វឹកអង់គ្លេសបានទំនេរតាំងពីខែកុម្ភៈមកម្ល៉េះបន្ទាប់ពីលោក Fabio Capello បានសំរេចចិត្តដើរចេញពីតំណែងជាមួយគ្នានោះគ្រូបង្វឹក Tottenahm Hotspur លោក Harry Redknapp ជាមនុស្សម្នាក់ដែលគេតែងតែរំពឹងថា នឹងមកជំនួសតំណែងលោក Fabio Capello តែអ្វីបានជាក់ច្បាស់ហើយគឺលោក Roy Hodgson។
ប្រភពព័ត៌មានពីគេហទំព័ររបស់ក្រុម West Brom បានបញ្ជាក់ផងដែរថា លោក Roy Hodgson នឹងបន្តដឹកនាំ West Brom ពីរប្រកួតចុងក្រោយក្នុងរដូវកាលនេះទៀត មុននឹងចាកចេញ ទៅដឹកនាំក្រុមអង់គ្លេស។ លោក Roy Hodgson បានចំណាយពេលជាអាជីពគ្រូបង្វឹកតាំងពីឆ្នាំ1976 មកម្ល៉េះជាមួយក្លឹបក្នុងប្រទេសស៊ុយអែត Halmstad ហើយនៅឆ្នាំ1992 លោកបានក្លាយជាគ្រូបង្វឹកក្រុមជម្រើសជាតិស្វ៊ីស ដឹកនាំក្រុមស្វ៊ីសការប្រកួត World Cup 1996 និង Euro 1996។ ក្លឹបជាច្រើនដែលលោក Roy Hodgson ធ្លាប់ដឹកនាំមានដូចជា Inter Milan, Grasshoppers, Copenhagen, Udinese, Blackburn Rovers, Fulham, Liverpool ក្រុមជម្រើសជាតិហ្វាំងឡង់ និង អារ៉ាប់រួមជាដើម៕
ប្រែសម្រួលដោយ៖ បុរសដំណឹង
មតិយោបល់