កណ្តាលៈ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ មានករណីលួចរថយន្ត នៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ហេង សួង ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរ អាជីវកម្មផលិតទឹកសុទ្ធ មានទីលំនៅភូមិបារ៉ុង ឃុំបារ៉ុង ស្រុកល្វាឯម ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ ខេន ផល្លា ភេទ ប្រុស អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ហ្គាស មានទីលំនៅភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖ រថយន្ត១គ្រឿង ម៉ាក Tacoma ពណ៌ស ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 2AK-1648។
នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៩ ឈ្មោះ ហេង ភារម្យ បានជិះរថយន្តម៉ាក Tacoma (តាកូម៉ា) ពណ៌ស ស៊េរីឆ្នាំ ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 2AK-1648 ដោយប្រាប់ឪពុកឈ្មោះ ហេង សួង ថា ទៅព្រែកតាមាក់ ចំណែកឈ្មោះ ខេន ផល្លា ជិះរថយន្តម៉ាក បាឡែន មកផឹកស៊ីនៅហាងឆត្រ័មាស នៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ជាមួយឈ្មោះ ខេន វ៉ា និងឈ្មោះ លាង ពេលនោះឈ្មោះ ហេង ភារម្យ បានមកចូលរួមផឹកស៊ីជាមួយឈ្មោះ ខេន ផល្លា ឈ្មោះ ខេន វ៉ា និងឈ្មោះ លាង បន្ទាប់មកដល់វេលាម៉ោង ២២:០០ នាទី ថ្ងៃដដែល ឈ្មោះ ហេង ភារម្យ និងឈ្មោះ ខេន ផល្លា បានប្តូរ រថយន្តគ្នាជិះ ដោយឈ្មោះ ហេង ភារម្យ ជិះរថយន្តម៉ាក បាឡែន របស់ឈ្មោះ ខេន ផល្លា ឯឈ្មោះ ខេន ផល្លា ជិះរថយន្តម៉ាក Tacoma របស់ឈ្មោះ ហេង ភារម្យ ក្នុងគោលបំណងទៅច្រៀងនៅហាងឌីយ៉ាម៉ង នៅស្រុកមុខកំពូល។ ពេលឈ្មោះហេង ភារម្យ បានបើករថយន្តដល់ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ ក្រោយពីកើតហេតុឈ្មោះ ខេន ផល្លា បានយករថយន្តម៉ាក Tacoma របស់ឈ្មោះ ហេង ភារម្យ ទៅទុកហ្គារ៉ាសហ្គាសរបស់ឈ្មោះ វ៉ាញ អេង នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌។ ដល់ថ្ងៃទី ២៥.០១.២០១៩ ឈ្មោះ ហេង សួង ត្រូវជាឪពុករបស់ឈ្មោះ ហេង ភារម្យ បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសុំឲ្យសមត្ថកិច្ចដកយករថយន្តម៉ាក Tacoma មករក្សាទុកនៅអធិការដ្ឋាន រង់ចាំការដោះស្រាយ សមត្ថកិច្ចបានចុះទៅដល់ទីតាំងទុករថយន្ត តែឈ្មោះ ខេន ផល្លា មិនព្រមប្រគល់រថយន្តនោះឲ្យសមត្ថកិច្ចទេ។ ដល់ថ្ងៃទី២៩.០១. ២០១៩ សមត្ថកិច្ចបានហៅឈ្មោះ ខេន ផល្លា ឲ្យយករថយន្តមកប្រគល់ឲ្យសមត្ថកិច្ច តែឈ្មោះ ខេន ផល្លា នៅតែមិនព្រមយករថយន្តមកប្រគល់ឲ្យដដែល ។
យោងតាមយោបល់លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាលបានអនុញ្ញាត ឲ្យសមត្ថកិច្ចឃាត់ខ្លួន និងចាប់យកវត្ថុតាងរថយន្តម៉ាក Tacoma ដើម្បីបន្ត ចាត់ការតាមនីតិវិធី៕
មតិយោបល់