កោះកុងៈ យោងតាមផេក ក្រសួងបរិស្ថាន បានឲ្យដឹងថា បុរសម្នាក់ដែលបានបោះសំរាមពីលើស្ពានចូលក្នុងព្រែកកោះយ៉ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៨ ត្រូវបានស្គាល់អត្តសញ្ញាណហើយគឺមានឈ្មោះ សាយ សារុត ជាអ្នកប្រមូលសំរាមនៅផ្សារប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។
បុរសរូបនេះបានសារភាព និងទទួលស្គាល់កំហុសដែលខ្លួនបានប្រព្រឹត្ត។ ក្រោយពីបានធ្វើការអប់រំណែនាំធ្វើកិច្ចសន្យានៅអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីម៉ានៅព្រឹកថ្ងៃទី១៣ ខែតុលានេះ នៅចំពោះមុខមន្ត្រីមន្ទីរបរិស្ថានខេត្តកោះកុង និងអាជ្ញាធរស្រុក។
បុរសរូបនេះបានបញ្ជាក់ថាកាលដែលខ្លួនបោះសំរាមចោលខ្លះដោយសារតែម៉ូតូដឹកសំរាមរបស់ខ្លួនខូច និងមិនអាចអូសសំរាមទៅមុខរួច ហេតុដូច្នេះត្រូវបោះសំរាមចោលខ្លះ។ សាយ សារុត បានទទួលស្គាល់ថាខ្លួនបានប្រព្រឹត្តកំហុស និងថ្លែងទទួលស្គាល់កំហុសនេះ និងសន្យាថាមិនធ្វើដូច្នេះទៀតឡើយ៕
មតិយោបល់