ព័ត៌មានជាតិ

Update៖ អុជធូបសែនដកជើងធូបចាស់ មិនប្រយ័ត្ន​បង្ក​ជាអគ្គិភ័យឆេះផ្ទះ នៅផ្សារត្រីក្រុងប៉ោយប៉ែត

​បន្ទាយមានជ័យៈ ថ្ងៃសែនចិនដកជើងធូប​ ដុតសែនមិនប្រយត្ន័កើតជាអគ្គីភ័យឆាបឆេះផ្ទះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​ ១២និង៥៧នាទីរសៀល​ ថ្ងៃទី២៩​ ខែមករា​ ឆ្នាំ២០១៩ នៅចំណុចផ្សារត្រីស្ថិតក្នុងភូមិបាលិលេយ្យ១​ សង្កាត់ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ។

ក្នុងហេតុការណ៍នេះដែរ គេបានសង្កេតឃើញ លោកឧត្តមសេនីយ៍ទោ​ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំង​ និងរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាន ចុះជួយអន្តរាគមន៍ ដោយរួមទាំងរថយន្ត របស់អធិការស្រុកអូរជ្រៅ​ និងក្រុងប៉ោយប៉ែត ។

បើតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន បានប្រាប់ថា៖ការដែលឆាបឆេះនេះ គឺផ្ដើមចេញពីម្ចាស់ផ្ទះឈ្មោះ​ តៀក យេន​ ភេទប្រុស​ អាយុជាង៧០ឆ្នាំ​ ប្រពន្ធឈ្មោះ​ គឹម ហាង​ អាយុជាង៥០ឆ្នាំ​ រស់នៅក្នុងភូមិកើតហេតុ​ ដែលគាត់ជួលផ្ទះគេប្រកបរបរលក់ខោអាវជជុះដូចជាពួក​ ខ្នើយជាដើម។​ ដោយម្ចាស់ផ្ទះខាងលើគាត់បានដកជើងធូបសែនចិនរួចយកជើងធូបទៅដុតចោលមិនប្រយ័ត្ន ដោយក្នុងផ្ទះរបស់គាត់​ មានពួក​ ខោអាវជជុះរាយប៉ាយមិនមានការរៀបចំទុកដាក់ឲ្យបានត្រឹមត្រូវ ទើបបង្កជាអគ្គីភ័យឆាបឆេះតែម្ដង។​ អគ្គីភ័យដែលឆាប់ឆេះនោះមានផ្ទះចំនួន៥ល្វែង រងការខូចខាតធ្ងន់ធ្ងរចំនួន២ល្វែង តែទំហំទ្រព្យសម្បត្តដែលបាត់បង់ក្នុងហេតុការណ៍នោះមិនទាន់កំណត់ បាននៅឡើយទេ។

នៅក្នុងស្ថានការណ៍គ្រោះអគ្គីភ័យនោះគេឃើញអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្លាំងប្រដាប់អាវុធក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ មានការយកចិត្តទុកដាក់អន្តរាគមន៏ជួយពន្លត់អស់ពីកម្លាំងចិត្តកម្លាំងកាយ​ និងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យជាង១៥គ្រឿង គ្រប់គ្រងស្ថានការណ៍បាននៅវេលាម៉ោង​ ៣និង០០នាទីរសៀលថ្ងៃដែល នៅក្នុងហេតុការណ៍អគ្គីភ័យនោះធ្វើឲ្យមនុស្ស៤នាក់រងរបួស(ស្រាល) ដែលខណៈពួកគាត់ចូលរួមទៅជួយពន្លត់អគ្គីភ័យខាងលើ។

សូមបញ្ជាក់ថា៖​ នៅកន្លែងកើតហេតុគឺជាទីតាំងមួយដែលអាជីវករក៏ដូចជាអ្នកលក់ដូរតាមម៉ូតូដាក់ចតលើផ្លូវមានការចង្អៀតជាខ្លាំង​ ហើយនៅក្នុងហេតុការណ៍នោះអាជ្ញាធរក៏ដូចជាសមត្ថកិច្ច​ បានបិទផ្លូវ​ និងចាត់វិធាន់ការទាន់ពេល​ តែមិនដឹងថាទំហំនៃការឆាប់ឆេះធំប៉ុណ្ណានោះឡើយ។​ បញ្ហាខាងលើនេះដែរ សមត្ថកិច្ចបានបញ្ជាក់ក្នុងហេតុការណ៍នោះថានៅថ្ងៃទី៣០​ ខែមករា​ ឆ្នាំ២០១៩ ស្អែកនេះកងកម្លាំងសមត្ថកិច្ច​ និងសហការជាមួយកម្លាំងជាមួយអាជ្ញាធរក្រុង​ និងសង្កាត់នឹងចាត់វិធានការដល់អាជីវករលក់ដូរលើចិញ្ចើមផ្លូវនៅចំណុចកើតហេតុខាងលើនេះ​ មិនឲ្យលក់ដូរ ដើម្បីទុកផ្លូវអោយធំទូលាយ ងាយស្រួលពេលកើតមានអគ្គិភ័យ រថយន្តពន្លត់អគ្គិភ័យធ្វើចរាចរណ៍បានស្រួល៕

មតិយោបល់