កណ្ដាលៈ កាលពីវេលាម៉ោង ៦ និង៣០នាទីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ ២០១៩ មានករណីហិង្សាដោយចេតនា
នៅចំណុចដីចម្ការជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកលោក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ អ៊ រ៉េត ភេទ ប្រុស អាយុ៥៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅៗ ភូមិព្រែកប៉ុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ លិន សុភ័ក្ត្រ ភេទប្រុស អាយុ៤៦ ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិព្រែកលោក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖ កាំបិតផ្គាក់ចំនួន ០១ ផ្លែដែក ដងធ្វើពីឬស្សី។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ និងជនសង្ស័យ ធ្លាប់មានទំនាស់ពាក្យសម្ដីគ្នា ពេលផឹកស៊ី ០១លើកមកហើយ។ លុះនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ពេលល្ងាច ជនសង្ស័យ ក៏បានកាប់បំផ្លាញដំណាំរបស់ជនរងគ្រោះ ដូចជា ស្វាយ ល្ហុង អស់ជាច្រើនដើម ។ រហូតមកដល់ថ្ងៃកើតហេតុ ពេលនោះជនរងគ្រោះ ជិះម៉ូតូតែម្នាក់ឯង ទៅដាក់ចំណីត្រីក្នុងស្រះ ឯដីចម្ការខ្លួន ពេលនោះក៏បានជួបនិងជនសង្ស័យ ហើយបានសួរថា បានកាប់ដំណាំរបស់ខ្លួនអស់ប៉ុន្មាន ក៏កើតជារឿងទាក់ពាក្យសម្ដីគ្នា ភ្លាមនោះជនសង្ស័យ បានយកកាំបិតផ្គាក់ ដែលនៅជាប់ខ្លួន កាប់ទៅលើជនរងគ្រោះជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសជាទម្ងន់ រួចជនរងគ្រោះ បានព្យាយាមរត់គេចខ្លួនឲ្យគេជួយ ។
ក្រោយទទួលបានដំណឹងនេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ព្រែកស្ដី បានចុះទៅដល់កន្លែងកើតហេតុ រួចបានស្វែងរកជនសង្ស័យ និងឃាត់ខ្លួន ព្រមទាំងយកវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ។ បច្ចុប្បន្ន ជនសង្ស័យ លិន សុភ័ក្រ្ត និងវត្ថុតាង ត្រូវបានឃាត់នៅអធិការដ្ឋាន ដើម្បីបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់