ព័ត៌មានជាតិ

ប្តីចាក់សម្លាប់ប្រពន្ធទាំងកណ្តាលយប់

ភ្នំពេញៈ ស្ត្រីម្នាក់ត្រូវបានប្តីរបស់ខ្លួនចាក់សម្លាប់ទាំងកណ្តាលយប់ ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចផ្ទះជួល ផ្លូវទន្លេសាប ក្រុមទី៧ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ស្ត្រីរងគ្រោះ ដែលត្រូវប្ដីចាក់សម្លាប់មានឈ្មោះ ទូលាស់ ម៉ៃយ៉ាន អាយុ២៨ឆ្នាំ មុខរបរលក់ដូរ ជនជាតិ អ៊ីស្លាម ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ និងមានស្រុកកំណើតនៅកោះសូទិន ខេត្តកំពង់ចាម។ ចំណែកឯប្តីមានឈ្មោះ ប៉េ វ៉ាន់ស័ក្តិ អាយុ៣៤ឆ្នាំ មុខរបរ ជាអ្នកកាប់គោ ពួកគេទាំង២នាក់ មានកូន២នាក់ (ប្រុស១ ស្រី១)។

ប្រភពព័ត៌មានពីបងថ្លៃឈ្មោះ អ៊ុត ស៊ីថា បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះ បាននិងកំពុងដេកជាមួយកូន២នាក់ គឺកូនប្រុសឈ្មោះ សេត រ៉ូហ៊ាត អាយុ៨ឆ្នាំ និងកូនស្រីឈ្មោះ លីហ្សា អាយុ៤ឆ្នាំ ស្រាប់តែបុរសជាប្តីមិនដឹងមកពីណា បានយកកាំបិតកាប់ទៅលើស្ត្រីរងគ្រោះ១៦កាំបិត បណ្តាលឲ្យរងរបួសធ្ងន់ បន្ទាប់មកស្ត្រីរងគ្រោះបានបើកទ្វាររត់ចេញមកក្រៅ ដើម្បីស្រែកឲ្យគេជួយ តែមិនបានប៉ុន្មានម៉ាត់ផង ក៏បានដាច់ខ្យល់ស្លាប់នៅមុខផ្ទះតែម្តង។

ប្រភពបានបន្តទៀតថា នៅវេលាម៉ោងកើតហេតុខាងលើ ស្រាប់តែស្ត្រីរងគ្រោះ បានរត់ចេញពីក្នុងផ្ទះរួចក៏បានស្រែកហៅឱ្យគេជួយផងៗ បានបន្តិចក៏ដាច់ស្លាប់ ពេលនោះបុរសជាប្តីបានចេញមកដែរ ដោយមកស្រែកយំ ហើយឲ្យសពប្រពន្ធរបស់ខ្លួន។ ក្រោយមកស្រាប់តែកូនប្រុសបានចេញមកថា ការពិតគេឃើញឪពុកជាអ្នកចាក់សម្លាប់ម្តាយរបស់គេ ហើយពេលនោះ សមត្ថកិច្ចក៏បានមកដល់ រួចឃាត់ខ្លួនសង្ស័យដែលត្រូវជាប្តីរូបនោះភ្លាមៗផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ហើយកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់