ប៉ៃលិនៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឥ្យដឹងថា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ក្រោមអធិបតីភាពលោក នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន គឺលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ត្រូវជំនួសលោកឧត្តមសេនីយ៍ទោ ជា ចាន់ឌិន ដែលត្រូវដាក់ឲ្យចូលនិវត្តន៍ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ។
សូមជម្រាបថា លោកឧត្តមសេនីយ៍ សេង សុគន្ធ មុនត្រូវឲ្យចូលកាន់តំណែងជាស្នងការនគរបាលខេត្តប៉ៃលិន គឺជាស្នងការរងនគរបាលរាជធានីភ្នំពេញ ហើយត្រូវព្រះមហាក្សត្រខ្មែរ ទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ថ្មីៗនេះ។
ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ ជា ចាន់ឌិន បានសូមទោសដល់កងកម្លាំងនគរបាលទាំងអស់ ក្រោមការដឹកនាំរបស់លោកដែលមានពាក្យសម្តីលើសលួសណាមួយប៉ះពាល់ទាំងចេតនា និងអចេតនា ព្រោះជាបទបញ្ជាដែលម្រូវឲ្យអនុវត្តន៍ ហើយការអនវត្តតែមានការតឹងតែង និងធូរខ្លះ ។ លោកក៏សូមឲ្យកងកម្លាំងទាំងអស់បន្តសហការល្អ និងស្តាប់បទបញ្ជាថ្នាក់លើបន្ថែមទៀត ដើម្បីបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋឲ្យបានល្អ ។
លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ជាស្នងការប៉ៃលិនថ្មី បានឡើងថ្លែងបេ្តជ្ញាអនុវត្តតាមបទបញ្ជា និងផែនការថ្នាក់ដឹកនាំលោក នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្បបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ លើការងារក្នុងមូលដ្ឋាន និងអនុវត្តតាមគណ:បញ្ជាការឯកភាពខេត្ត ដើម្បីសំដៅរក្សាឲ្យបានសន្តិសុខស្តាប់ធ្នាប់ សុវត្ថិភាពជួនជាតិ និងពលរដ្ឋ ៕
មតិយោបល់