កំពង់ស្ពឺៈ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ នៅចំណុចភូមិជំនាប់ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីបង្ករអុកឡុកនៅហាងខារ៉ាអូខេមួយកន្លែង។
ជនសង្ស័យមានឈ្មោះ ថា ថៃ ភេទប្រុស អាយុ ២៣ឆ្នាំ ឈ្មោះឡេង វេត ភេទប្រុស អាយុ៣០ឆ្នាំ ឈ្មោះយ៉ន មេត្តា ភេទប្រុស អាយុ២៣ឆ្នាំ ទាំង៣នាក់មានទីលំនៅភូមិក្រាំង ឃុំហោងសំណំ ស្រុកឱរ៉ាល់ មុនពេលកើតហេតុជនសង្ស័យបានមកផឹកស៊ីច្រៀងខារ៉ាអូខេ នៅហាង រស្មីឱរ៉ាល់ មានម្ចាស់ឈ្មោះ ញ៉ិប សុដុម ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ អស់ប្រាក់៤២ម៉ឺនរៀល ហើយខ្វះលុយឲ្យម្ចាស់ហាងក៏ធ្វើសកម្មភាពចង់បណ្ដោះគ្នារត់គេច តែត្រូវម្ចាស់ឃាត់មិនឲ្យចេញពីហាងត្រូវតែទូទាត់ប្រាក់សិន ពេលនោះជនសង្ស័យទាំង៣នាក់ស្រែកឡូឡានឹងបានទាញកាំបិតផ្គាក់ចេញពីម៉ូតូ បង្កការអុកឡុកកាប់តុនិងជញ្ជាំងគំរាមម្ចាស់ហាងទៀតផង ម្ចាស់ហាងបានរត់មកខាងក្រៅប្ដឹងសមត្ថកិច្ចជួយអន្ដរាគមន៍ ។
នគរបាលបានចុះដល់កន្លែងកើតហេតុហើយធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាងកាំបិតផ្គាក់ យកមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕






មតិយោបល់