ភ្នំពេញៈ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក ចុះបង្ក្រាបឡោមពទ្ធ័នឹងឆែកឆេរបទល្មើសគ្រឿងញៀនក្នុងផ្ទះមួយកន្លែង កាលពីរសៀលថៃ្ងទី២៦ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចម្តុំផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងការបង្ក្រាបនេះដែរ ធ្វើឡើងដោយមានការសម្របសម្រួលដោយលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមដោយលោក ប៉ាន់ សុភាព នាយការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការចូលរួមពីសំណាក់អភិបាលរង លោក ប៉ាង លីដា និងកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក ។ ជាក់ស្តែងក្នុងការបង្ក្រាបនេះដែរ អាវុធហត្ថធ្វើការដកហូតបាន ថ្នាំញៀនចំនួន១២កញ្ចប់ធំ និងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន២ និងបានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ចុន សាត ភេទប្រុស អាយុ៣០ឆ្នាំ ។ ហើយបើតាមការឲ្យដឹងពីជនសង្ស័យថា ឲ្យដឹងថា ថ្នាំញៀនទាំងនេះ រូបគេលក់ចេញក្នុងមួយកញ្ចប់មានតម្លៃ ៩០ម៉ឺនរៀលឯណោះ ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌទួលគោកនាំខ្លួនមកកាន់ទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ៕
https://youtu.be/dYs6C3WRvNk
មតិយោបល់