ភ្នំពេញៈ ស្រ្តីមេម៉ាយជាកម្មការិនីរោងចក្រម្នាក់ ខណៈដែលកំពុងធ្វើការងារ ស្រាប់តែកើតមានអាការៈវិលងងឹតមុខដួល ត្រូវបានកម្មករ ក្បែរនោះស្ទុះចាប់ត្រកងជាប់ ដឹកបញ្ជូនទៅផ្ទះពេទ្យ គេមិនហ៊ានទទួល ជំងឺក្នុងសភាពធ្ងន់ ទាំងកម្មកររួមការងារ ទាំងក្រុមគ្រួសារ កាន់តែភិតភ័យ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ទើបសាច់ញាតិទូរសព្ទហៅរករថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនបន្តទៅសង្រ្គោះនៅមន្ទីរពេទ្យ ។
ស្រ្តីរងគ្រោះឈ្មោះ ឡាយ សឿន អាយុ៤៩ឆ្នាំ ជាស្រ្តីមេម៉ាយ មានកូន៥នាក់ ប្រុស៣នាក់ ស្រី២នាក់ រស់នៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
តាមកម្មកររួមការងារជាមួយគ្នា បានឲ្យដឹងថា មុនពេលកើតហេតុ ខណៈដែលជនរងគ្រោះកំពុងតែធ្វើការងារសុខៗ ស្រាប់តែ មានអាការៈទន់ងងឹតវិលមុខ ភ្លាមៗត្រូវបានកម្មករ កំពុងឈរក្បែរនោះស្ទុះចាប់ត្រកងជាប់ ទើបមិនដួល ហើយត្រូវបានកម្មកររួមការងារ ដឹកយកទៅផ្ទះពេទ្យ គ្លីនិកឯកជន តែគេមិនហ៊ានទទួល ដោយជំងឺធ្ងន់ធ្ងរត្រូវបានក្រុមគ្រួសារ ហៅរករថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ។
បើតាមក្រុមគ្រួសារ បានឲ្យដឹងថា ជនរងគ្រោះ ជាស្រ្តីមេម៉ាយ កូន៥នាក់ខ្លួនមានជំងឺលើសឈាមផង កន្លងមកធ្លាក់កើតមានអាការៈបែបនះ ហើយព្យាបាលបានធូរស្បើយ ចូលបម្រើការងារ រោងចក្រដោយខ្លួនជាជំហរមួយក្នុងគ្រួសារ បីបាច់កូនទាំង៥នាក់ ក្នុងស្ថានភាពជីវភាពក្រីក្រ មកដល់ពេលនេះ មនុស្សជាជំហរក្នុងគ្រួសារ បានធ្លាក់ខ្លួនចូលសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យ កាល់ម៉ែត ៕
មតិយោបល់