ព័ត៌មានជាតិ

រថយន្តឈ្នួល ចតឈប់ចាប់ម៉ូយអាណាធិបតេយ្យ បើកទ្វារមិនមើល ទៅប៉ះម៉ូតូដួលរបួសធ្ងន់ម្នាក់

ភ្នំពេញ: បុរសម្នាក់រងរបួសធ្ងន់បាក់ដៃម្ខាង បន្ទាប់ពីជិះម៉ូតូវ៉ាក់អើជាមួយរថយន្ត តាក់ស៊ី កំពុងចតឈប់យ៉ាងអាណាធិបតេយ្យ បើកទ្វារចុះ ម៉ូតូបុកប្រ៉ាវ កាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ មុខហាងនំបុ័ងភ្នំពេញ ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តតាក់ស៊ីចតអាណាធិបតេយ្យ ដើម្បីចាប់ម៉ូយម៉ាកសាំយ៉ុង ពណ៌ខៀវ ពាក់ស្លាកលេខ 2A-2795 ជារថយន្តឈ្មួល ។ ចំណែកម៉ូតូរងគ្រោះ ម៉ាក ZOOMER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DG-9277 បើកបរដោយឈ្មោះ ឃុត សំនីន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរចុងភៅ មានទីលំនៅភូមិស្វាយអន្ទរ ឃុំពពឹស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង រងរបួសបាក់ដៃស្តាំ។

តាមប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា លើផ្លូវជាតិលេខ៤ មុខហាងនំបុ័ងភ្នំពេញ ខាងលើ ឃើញមានរថយន្តឈ្នួល រថយន្តក្រុង តាក់ស៊ីចតឈប់ដឹក ដាក់ម៉ូយ យ៉ាងអាណាធិបតេយ្យ ពេកទៅហើយ យកផ្លូវជាតិមកធ្វើជាចំណតឈប់ ចាប់ដឹកដាក់ម៉ូយបាត់ទៅហើយ បង្កឲ្យបាត់បង់សណ្តាប់ធ្នាប់តាមដងផ្លូវ បង្កគ្រោះថ្នាក់ផ្សេងៗ ជាញឹកញាប់ មកដល់ព្រឹកកើតហេតុនេះ ថ្មីទៀតហើយ ផ្តើមចេញពីរថយន្តតាក់ស៊ីឈប់ចត អាណាធិបតេយ្យ លើដងផ្លូវ បង្កឡើងដោយរថយន្តសាំយ៉ុងខាងលើ ពេលឈប់លើដងផ្លូវហើយ គ្រាដែលអ្នកបើកបរ បើកទ្វារចុះមក មិនប្រយ័ត្នទៀត ធ្វើឲ្យ ជនរងគ្រោះជិះម៉ូតូមកពីក្រោយទិសដៅ ពីកើតទៅលិចមកបុកចំទ្វារ រថយន្តបណ្តាលឲ្យរងរបួសធ្ងន់ បាក់ដៃស្តាំ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: ។ ចំណេករថយន្តបង្ក និងម៉ូតូ សមត្ថកិច្ចវាស់វែងយករថយន្តនេះដែលឈប់ចត ដឹកម៉ូយ អាណាធិបតេយ្យយកទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

ដោយទង្វើរបស់ក្រុមអ្នករត់តាក់ស៊ី រថយន្តឈ្នួលមួយចំនួនយកផ្លូវជាតិលេខ៤ ចំណុចខាងលើ ធ្វើជាចំណតឈប់ចាប់ម៉ូយ បង្កផលប៉ះពាល់ច្រើនយ៉ាង សូមសំណូមពរដល់ស្ថាប័នសមត្ថកិច្ច អាជ្ញធរ មេត្តាជួយពិនិត្យ និងចាត់វិធានការលើយានយន្តចតឈប់យ៉ាងអាណាធិបតេយ្យតាមផ្លូវ គ្មានសណ្តាប់ធ្នាប់ បង្កគ្រោះថ្នាក់ដល់អ្នកដ៍ទៃដូចនេះ ៕

មតិយោបល់