ភ្នំពេញៈ រថយន្តស៊េរីទំនើបពាក់ស្លាកលេខ ខ.ម បោះពួយយ៉ាងលឿនជ្រុលបុករះសំយ៉ាប មុខផ្ទះប្រជាពលរដ្ឋ បាក់ខ្ទេចអស់ជាង២០ម៉ែត្រ រួចបើករថយន្តយកទៅសំងំទុកក្នុងបុរីឈឹង លុះក្រោយមកទើបមានតំណាងរថយន្ត មកចរចាជាមួយម្ចាស់ផ្ទះ ដើម្បីសងការខូចខាត។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅម៉ោងជាង១១និង០០នាទីយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅផ្លូវបេតុង ចំណុចផ្សារភូមិសិរីយា ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក Mazda BT50 ពណ៌ស ពាក់ស្លាកលេខខេមរភូមិន្ទ 01: 2-8499 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនដូចហោះ ដោយធ្វើដំណើរតាមផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូតទៅស្ដាំជ្រុលទៅបុករះបង្គោលសំយាបមុខផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យបាក់ខ្ទេចអស់ប្រវែងជាង២០ម៉ែត្រ រងការខូចខាតយ៉ាងដំណំ។
ភ្លាមៗនោះរថយន្តបង្ក មិនបានឈប់ដោះស្រាយនោះទេ ថែមទាំងបើករត់គេចចូលទៅសំងំក្នុងបុរីមួយកន្លែងឈឹងតែម្ដង។
ក្រោយពេលកើតហេតុ ក៏មានខាងតំណាងរថយន្តបង្ក បានចុះមកចរចាគ្នាជាមួយនឹងម្ចាស់ផ្ទះ ដែលរងការខូចខាត ដោយសុំធ្វើសំយាបផ្ទះថ្មីឲ្យវិញ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្តង៕





មតិយោបល់