ព័ត៌មានជាតិ

ប៉ុនប៉ងលួចម៉ូតូ​ វាក់ជាមួយសមត្ថកិច្ច ឃាត់ខ្លួនយកទៅប៉ុស្តិ៍

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍បឹងកក់ទី២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែង រួមទាំងឧបករណ៍ សម្រាប់ធ្វើសកម្មភាពមួយចំនួន កាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្ទះលេខ៣០ ផ្លូវលេខ២៨៧កែងផ្លូវលេខ៥៦៦ ក្រុមទី៧​៦ភូមិ១៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យ​ ឈ្មោះ អ៊ឹម រតនា ហៅ ស្នា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ ទួសង្កែខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

វត្ថុតាងរួមមាន៖ កញ្ចប់បារីម៉ាក MEVIUS ចំនួន០១ ក្នុងនោះមានដែក សំប៉ែតកែច្នៃសម្រាប់លួចម៉ូតូចំនួន០១ សោខ្សៀរលេខ ៨ចំនួន០១ ដែកសរសៃតូចសម្រាប់ឆ្កឹះ គ្រាប់សោចំនួន០១ ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាក Vfone ពណ៌ទឹកមាស០១គ្រឿង និងម៉ាក Samsung ពណ៌ខ្មៅ ។

សមត្ថកិច្ចបានធ្វើតេស្តទឹកនោមជនសង្ស័យ ស្វែងរកសារធាតុញៀន លទ្ធផលវិជ្ជមាន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់