អ្នកជំនាញវ៉ាក់សាំងអន្តរជាតិមួយក្រុម បានចេញមុខប្រឆាំងនឹងការចាក់វ៉ាក់សាំងដូសជំរុញបង្ការជំងឺកូវីដ១៩ដល់ពលរដ្ឋទូទៅដោយថា ជាទស្សនមួយដែលប្រឆាំងទៅនឹងកិច្ចប្រឹងប្រែងដែលកំពុងកើនឡើងនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងករណីផ្ទុះឡើងថ្មីៗនៃជំងឺកូវីដ១៩។
នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet medical journal ក្រុមអ្នកជំនាញទាំងនេះលើកឡើងថា ការសិក្សានាពេលថ្មីៗនេះ បានបង្ហាញថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ដែលកំពុងប្រើប្រាស់នៅជុំវិញពិភពលោកនៅពេលនេះ នឹងបន្តការការពារយ៉ាងខ្លាំងប្រឆាំងនឹងវីរុសជំងឺកូវីដ១៩ បើទោះបីជាមានវីរុសបំប្លែងខ្លួនថ្មីប្រភេទដែលតា ដែលមានការឆ្លងយ៉ាងឆាប់រហ័សយ៉ាងណាក្តី ជាពិសេសវ៉ាក់សាំងនេះ បានប្រឆាំងទៅនឹងការឈឺធ្ងន់ធ្ងរ និងការចូលសម្រាកក្នុងមន្ទីរពេទ្យផងដែរ។
និន្នាការនៃការផ្តល់វ៉ាក់សាំងដូសជម្រុញប្រឆាំងនឹងជំងឺកូវីដ១៩ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការសិក្សានៅក្នុងប្រទេសអ៊ីស្រាអែល បានបង្ហាញថា ប្រសិទ្ធិភាពនៃវ៉ាក់សាំង Pfizer ដែលចាក់ចំនួន២ដូសនោះ បានធ្លាក់ចុះខ្លាំងក្នុងចំណោមមនុស្សចាស់ដែលបានចាក់វ៉ាក់សាំងនេះកាលពីដើមឆ្នាំ ២០២១នេះ។ ទិន្នន័យនេះ បានធ្វើឲ្យប្រទេសអ៊ីស្រាអែល ចាប់ផ្តើមចាក់វ៉ាក់សាំងដូសជំរុញដល់ពលរដ្ឋរបស់ខ្លួន ដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ។
អ្នកសរសេរអត្ថបទវេជ្ជសាស្ត្រដែលត្រូវបានផ្សព្វផ្សាយនោះលើកឡើងថា ការធ្វើទំនើបកម្មវ៉ាក់សាំងដើម្បីប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី គឺជាវិធីដ៏ប្រសើរមួយ ជាជាងការចាក់វ៉ាក់សាំងដូសបន្ថែមទៅលើវ៉ាក់សាំងដើមដែលបានចាក់រួចហើយនោះ។
ទីភ្នាក់ងារស្បៀងអាហារនិងឱសថអាមេរិក ជិតឈានទៅដល់ការសម្រេចចិត្តមួយដែលថា តើគួផ្តល់អនុសាសន៍ឲ្យមានការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ដល់កុមារអាយុក្រោម១២ឆ្នាំ និងការចាក់វ៉ាក់សាំងដូសជំរុញដល់ពលរដ្ឋអាមេរិកពេញវ័យដែរ ឬយ៉ាងណានោះ។
ទាំងទីភ្នាក់ងារស្បៀងអាហារនិងឱសថអាមេរិក និងមជ្ឈមណ្ឌលត្រួតពិនិត្យនិងការពារជំងឺអាមេរិក បានផ្តល់អនុសាសន៍កាលពីខែមុនឲ្យមានការចាក់វ៉ាក់សាំងដូសទី៣នៃវ៉ាក់សាំង Pfizer និង Moderna ដល់មនុស្សមួយចំនួនដែលមានប្រព័ន្ធស៊ាំក្នុងខ្លួនខ្សោយ។
ដោយឡែក នាយករដ្ឋមន្ត្រីប្រទេសអង់គ្លេស លោក Boris Johnson មានគម្រោងនឹងប្រកាសនៅថ្ងៃពុធនេះថា រដ្ឋាភិបាលអង់គ្លេស នឹងផ្តល់វ៉ាក់សាំងកូវីដ១៩ដូសជំរុញដល់ពលរដ្ឋអង់គ្លេសដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅឲ្យបានមុនពេលរដូវត្រជាក់ចូលមកដល់ក្នុងពេលខាងមុខនេះ។
នៅក្នុងប្រទេសរុស្សីឯណោះវិញ សេចក្តីថ្លែងការណ៍មួយរបស់វិមានក្រឹមឡាំង បានឲ្យដឹងថា ប្រធានាធិបតីរុស្សីលោក Vladimir Putin កំពុងស្ថិតនៅដាច់ពីគេ បន្ទាប់ពីបុគ្គលិកមួយចំនួនរបស់លោក ត្រូវបានរកឃើញថា មានឆ្លងជំងឺកូវីដ១៩៕
មតិយោបល់