ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ លួចម៉ូតូគេយកទៅលក់បានលុយតែ៥០ដុល្លារ ព្រឹកឡើងជាប់ខ្នោះ!

កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន តាមពាក្យបណ្តឹងជនរងគ្រោះ ក្រោយពីធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះយកទៅលក់បានលុយតែ៥០ដុល្លារ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្បាលដីចម្ការ ស្ថិតក្នុងភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន មានឈ្មោះ ផេង ប៉េងឡុង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកជនរងគ្រោះម្ចាស់ម៉ូតូ ឈ្មោះ ស្រេង សៀងលន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉ូតូម៉ាកហុងដាសេ៥០ ពណ៌ ខៀវចាស់ចំនួន ១គ្រឿង ពាក់ស្លាកលេខកណ្ដាល 1M-2066 ។

មុនពេលកើតហេតុ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១២ ជនរងគ្រោះបានជិះម៉ូតូទៅដីចម្ការបន្លែ ដោយបានទុកម៉ូតូនៅក្បាលដីចម្ការរបស់ឈ្មោះ ថុង (អត់ចាក់សោក) រួចដើរទៅគ្របចំបើង លើរងបន្លែដែលឃ្លាតពីម៉ូតូចម្ងាយប្រហែល ២០០ម៉ែត្រ ។ លុះវេលាម៉ោង២រសៀលថ្ងៃដដែល ស្រាប់តែមានជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួចម៉ូតូខាងលើ រួចជិះទៅលក់ឲ្យគេមិនស្គាល់ឈ្មោះនៅម្ដុំឃ្លាំងរំសេវ (រាជធានីភ្នំពេញ)បានតម្លៃ ៥០ដុល្លារ ហើយក៏ត្រឡប់មកផ្ទះវិញ ។

ចំណែកជនរងគ្រោះវិញ នៅវេលាម៉ោង៣និង៣០នាទី ថ្ងៃដដែលទើបដឹងបាត់ម៉ូតូរបស់ខ្លួន ក៏បានស៊ើបសួរ គេឯងជិតខាង ទើបដឹងពិតថាឈ្មោះផេង ប៉េងឡុង ជាអ្នកលួចម៉ូតូនេះ ។ លុះនៅវេលាម៉ោង ៦ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ទើបជនរងគ្រោះប្ដឹងមកសមត្ថកិច្ច ភ្លាមនោះសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ព្រែកគយ បានចុះអន្ដរាគមន៍ និងនាំឈ្មោះផេង ប៉េងឡុង មកធ្វើការសាកសួរ ។

រហូតដល់វេលាម៉ោង ៩និង៤៥នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង សាលាដំបូងខេត្ដកណ្ដាល បញ្ជា មកអធិការដ្ឋាននគរបាលស្រុកស្អាង ឃាត់ខ្លួនឈ្មោះផេង ប៉េងឡុង ដើម្បីបន្ដ អនុវត្ដតាមនីតិវិធី ៕

មតិយោបល់