ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ផ្អើលរឿង អែនឌី ឡុងចុងជំនួញ

ភ្នំពេញៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀងល្បីឈ្មោះលោក អែនឌី ប្រកាសលក់ជំនួញធំដុំរបស់ខ្លួន ដែលធ្លាប់ជួយឲ្យលោកហ៊ឺហារហ៊ឹកហ៊ាក់ បើទោះជាលោកមិនខ្វល់ពីការងារសិល្បៈ។ ដំណឹងមួយនេះ បានក្លាយជាការជជែកវែកញែកកាន់តែខ្លាំងក្នុងចំណោមតារាសិល្បៈ ខណៈដែលការវិភាគអវិជ្ជមានត្រូវគេឮលើកឡើងគួរឲ្យចាប់អារម្មណ៍ ជាមួយនឹងដំណឹងក្ស័យធនលើអាជីវកម្មរបស់លោក។

ត្រឹមតែប៉ុន្មានថ្ងៃក្រោយលោកអែនឌី ប្រកាសលក់ហាងសំលៀកបំពាក់ធំមួយចុងក្រោយរបស់ខ្លួននៅផ្សារផេនសលជិតមាត់ទន្លេតែប៉ុណ្ណោះទេ គេឃើញកំសួលនៃការចាប់អារម្មណ៍លើជីវិតឯកជនរបស់តារារូបនេះ ត្រូវបានបន្លឺឡើង។ ម្នាក់ៗបានលើកឡើងពីការបរាជ័យរបស់លោកអែនឌី ប៉ុន្តែក៏មានអ្នកលើកទឹកចិត្តថាបណ្ដាលមកពីការប្រកួតប្រជែងលើមុខជំនួញនេះវាមានសម្ពាធខ្លាំងពេក ទើបបណ្ដាលឲ្យជំនួញខោអាវដួលរំលំបណ្ដាក់គ្នាមិនថារបស់អ្នកសិល្បៈ ឬមិនមែនរបស់អ្នកសិល្បៈនោះផងដែរ។

លោកអែនឌី បានថ្លែងប្រាប់ Postnews ថា ការប្រកាសលក់ហាងរបស់លោកមិនមែនបណ្ដាលមកពីមុខរបរនោះទៅមុខលែងរួច ឬប្រឈមនឹងការក្ស័យធននោះទេ ប៉ុន្តែហេតុផលដែលលោកលក់ចោលគឺបណ្ដាលមកពីភាពនឿយណាយ និងដោយសារតែលោករវល់ទទួលចេញច្រៀងនៅក្រៅប្រទេសញឹកញាប់ ហើយអត់មានពេលមើលខុសត្រូវហាង និងឡើងទៅយកឥវ៉ាន់ដែលធ្លាប់កុម្ម៉ង់មកពីប្រទេសថៃនោះតែប៉ុណ្ណោះ។ លោកនិយាយថា«ធម្មតាតែកាលណាយើងប្រកាសលក់ហាងចឹង ច្បាស់ជាមានមនុស្សនិយាយអាក្រក់ហើយ តែអ្វីដែលខ្ញុំចង់ឆ្លើយគឺហាងខ្ញុំអត់មាន លក់អត់ដាច់ទេ ប៉ុន្តែមកពីខ្ញុំឥឡូវវាលែងចង់រកមុខរបរនឹង ហើយម្យ៉ាងខ្ញុំអត់ពេលឡើងទៅទិញឥវ៉ាន់តែម្ដង ទើបខ្ញុំសម្រេចចិត្តលក់ចោល ក្នុងពេលដែលបងប្អូនខ្ញុំក៏អត់មានចំណូលចិត្តរកមុខរបរនឹងទៀត»។

លោកថាហាងដែលលោកប្រកាសលក់ គឺតូបលេខG228 ទល់មុខកែងកាច់ជ្រុងក្នុងផ្សារទំនើបផេនសល ដោយគ្រាន់តែការតុបតែងហាង និងឥវ៉ាន់ដែលមាននៅក្នុងនោះរួមមានសំលៀកបំពាក់ជាដើម គឺមានតម្លៃមិនក្រោមច្រើនម៉ឺនដុល្លារនោះទេ។ យ៉ាងណាមិញ លោកថានឹងលក់អាជីវកម្មរបស់ខ្លួនចោលតែក្នុងតម្លៃ១៦.០០០ដុល្លារប៉ុណ្ណោះ ដែលមានន័យថាអ្នកជាវហាងនេះពីលោកគឺក្រៅពីបានតូបមួយរកស៊ីក្នុងហាងដែលមានមនុស្សអ៊ូអរ ក៏បានទាំងឥវ៉ាន់ល្អៗដែលចំណេញទាំងស្រុងមិនខាតដូចបើកតូបថ្មី។ លោកថាក្រោយពីការប្រកាសលក់ មានការចែចូវទិញហាងពីលោកច្រើននាក់មកហើយ ប៉ុន្តែដរាបណាមិនបានរង្វង់ជាង១៥.០០០ដុល្លារនោះទេ គឺលោកនឹងបន្តដំណក់ទៀត ដោយសារតែលក់រាល់ថ្ងៃក៏បានចំណូលគួរសមផងដែរ។ លោកគ្រោងនឹងចេញសម្ដែងនៅអំឡុងដ៏ខ្លីខាងមុខនៅក្រៅប្រទេស ទើបសម្រេចលក់ហាងឲ្យបានកាន់តែឆាប់ដើម្បីយកលុយទៅសំឡឹងមើលមុខរបរថ្មី និងដើម្បីមានពេលទទួលការងារចេញច្រៀងតែម្យ៉ាងតាមការចង់បានរបស់សមាគមនៅក្រៅប្រទេស៕

មតិយោបល់