ព័ត៌មានអន្តរជាតិ

អារ៉ាប់ប៊ីសាអូឌីតចាប់ខ្លួនមនុស្ស ១៩នាក់ ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅទីក្រុង Medina និង Qatif

អារ៉ាប៊ីសាអូឌីតៈ ទីភ្នាក់ព័ត៌មាន Saudi Press រាយការណ៍មកថា អារ៉ាប៊ីសាអូឌីត បានប្រកាសកាល ពីថ្ងៃព្រហស្បតិ៍ថា បានចាប់ខ្លួនបុគ្គល ១៩ នាក់ រួមបញ្ចូលទាំងជនជាតិរ៉ាប៊ីសាអូឌីត ៧នាក់ និងប៉ាគីស្ថាន ១២ ជាប់ទាក់ទងងនឹងការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងទីក្រុង Medina និង Qatif នៅសប្តាហ៍នេះ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦។

អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានបំផ្ទុះខ្លួនគាត់ កាលពីថ្ងៃចន្ទ នៅឯកន្លែងចតរថយន្តមន្ទីរពេទ្យ ក្នុងទីក្រុង Jeddah ខណៈដែលបុគ្គលិកសន្តិសុខបានចូលទៅជិតគាត់ បន្ទាប់ពីរូបគាត់បានធ្វើឲ្យពួកគេ មានការសង្ស័យ។ អ្នកបំផ្ទុះគ្រាប់បែកនោះ បានស្លាប់ភ្លាម ហើយបុគ្គលិកសន្តិសុខពីរនាក់ រងរបួស្រាល។

ដូចគ្នាផងដែរ កាលពីថ្ងៃចន្ទ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានមកផ្ទុះនៅជិតវិហារអ៊ីស្លាម នៅទីក្រុង Medina ដោយបានសម្លាប់មន្ត្រីប៉ូលិសបួននាក់ និងបួននាក់ទៀតរងរបួសធ្ងន់។

ទន្ទឹមនឹងនេះដែរ នៅ Qatif ជាទីក្រុងភាគខាងកើតប្រទេស ដែលជាកន្លែងជនជាតិភាគតិច សមាជិកស៊ីអ៊ីតជាច្រើនរស់នៅ ក៏មានករណីផ្ទុះពីរ បានវាយប្រហារនៅជិតវិហារអ៊ីស្លាមផងដែរ ជាលទ្ធផលគឺស្លាប់តែអ្នកបំផ្ទុះគ្រាប់បែកម្នាក់ឯតែប៉ុណ្ណោះ។

ក្រសួងមហាផ្ទៃអារ៉ាប៊ីសាអូឌីត បាននិយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ក្នុងទីក្រុង Medina គឺជាបុរសជនជាតិអារ៉ាប៊ីសាអូឌីតម្នាក់ មានអាយុ ២៦ ឆ្នាំ ត្រូវបានចាប់ខ្លួនមុន ជាប់ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន។

ក្រសួងនេះ ថែមទាំងបានដាក់ការចោទប្រកាន់លើបុគ្គលបីនាក់ទៀត ដែលបានវាយប្រហារនៅក្នុងទីក្រុង Qatif ៕

មតិយោបល់