ភ្នំពេញៈ យុវជន៤នាក់របួសធ្ងន់សន្លប់ស្ដូកនិងម្នាក់ទៀតរបួសស្រាល ខណៈពេលដែលជិះម៉ូតូកាន់ខ្សែក្រវ៉ាត់ដេញតាមវាយគ្នា ក្នុងល្បឿនយ៉ាងលឿន ចៃដន្យអកហ្សឺគ្នា ក៏ជ្រុលទៅបុករបាំងថ្មព្រួញពុះចែកផ្លូវ ទាំង២គ្រឿងហេីយត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកហុងហាក់ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង០១រំលងអធ្រាត្រឈានចូលថ្ងៃ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩នៅចំណុចមុខរោងចក្រកាត់ដេ MV លេីកំណត់ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អ្នកដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ថា នៅមុនកើតហេតុគេឃើញ ក្រុមក្មេងស្ទាវជាច្រើននាក់ ជិះម៉ូតូ៣ទៅ៤គ្រឿង ឌុបគ្នាក្នុងល្បឿនយ៉ាងលឿន ដោយខ្លះមានកាន់ខ្សែក្រវ៉ាត់ជាប់ដៃ ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជេីងទៅត្បូង លុះជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែយអកហ្សឺគ្នា ធ្វេីឲ្យម៉ូតូទាំង២គ្រឿង មួយគ្រឿងម៉ាក Honda Dream ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BI-3397 និងម៉ូតូមួយគ្រឿងទៀតម៉ាក EXCITER ពណ៌ខ្មៅ បិតតែមអក្សរអង់គ្លេស មិនមានស្លាកលេខជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យម៉ូតូដួលខ្ទាតជិត១០ម៉ែត្រ ចំណែកយុវជនទាំង៥នាក់នោះ ខ្ទាតផ្លោះបោកទៅលេីថ្នល់ រងរបួសធ្ងន់ដេកសន្លប់ស្ដូកកណ្ដាលផ្លូវទាំង៤នាក់តែម្ដងក្នុងនោះមានម្នាក់របួសធ្ងន់ធ្ងរជាងគេ បាក់ភ្លៅខាងឆ្វេងចេញឆ្អឹងចំណែកឯយុវជនម្នាក់ទៀតរបួសស្រាល។
ក្រោយមកមានកម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ចុះមកដល់កន្លែងកើតហេតុ សម្រួលចរាចរណ៍ និងហៅរថយន្តគិលានសង្គ្រោះមួយគ្រឿង របស់គ្លីនិកឯកជន ហុងហាក់ មកដឹកជនរងគ្រោះយកទៅសង្គ្រោះផងដែរ។
ក្រោយពេលកើតហេតុ ម៉ូតូទាំង២គ្រឿង ត្រូវបានយកទៅរក្សាទុកបណ្ដោះអាសន្ន នៅស្នាក់ការនគរបាលប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោម ដើម្បីរងចាំដោះស្រាយគ្នាពេលក្រោយ៕






មតិយោបល់