ភ្នំពេញៈ នៅព្រឹកថ្ងៃទី៨កក្កដានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ និងព្រាងកម្មវិធីចំនួនពីរ គឺសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ សុខាភិបាល និងសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០១៧-២០១៩។
តាមសេចក្តីជូនព័ត៌មាន របស់ទីស្តីការគណៈរដ្ឋមន្រ្តី បានឲ្យដឹងដែរថា កិច្ចប្រជុំនៅថ្ងៃនេះ ក៏នឹងពិភាក្សាទៅលើសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិ ទៅលើការងារមួយចំនួនទៀតរួមមាន៖
– កិច្ចព្រមព្រៀងស្ដីពីការបង្កើតអង្គភាពស្រាវជ្រាវ ម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣។
– ពិធីសារដើម្បីអនុវត្តកញ្ចប់ទី៦ នៃការប្ដេជ្ញាបើកចំហសេវាហិរញ្ញវត្ថុ នៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសេវា។
– កិច្ចព្រមព្រៀងស្ដីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន។
– ពិធីសារស្ដីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន។
– ពិធីសារស្ដីពីក្របខ័ណ្ឌច្បាប់ សម្រាប់អនុវត្តបញ្ជរតែមួយអាស៊ាន។
– ពិធីសារទី៧ ស្ដីពីប្រព័ន្ធឆ្លងកាត់គយផងដែរ៕
មតិយោបល់