ភ្នំពេញៈ កាលពីវេលាម៉ោង៣ និង៣៥នាទីទៀបភ្លឺថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ មានអគ្គិភ័យឆេះឃ្លាំងក្នុងរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើងមួយកន្លែង នៅជិតផ្សារទួលពង្រ ស្ថិតនៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ភ្លាមៗផងដែរសមត្ថកិច្ច បានហៅរថយន្តពន្លត់អគ្គិភ័យមកធ្វើការបាញ់ពន្លត់ តែត្រូវតំណាងរោងចក្រមិនឲ្យរថយន្តពន្លត់អគ្គិភ័យចូលកន្លែងកើតហេតុ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកប្រជាពលរដ្ឋនៅទីនោះ។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះ បានឆាបឆេះនៅឃ្លាំងស្តុកស្បែកជើង និងកម្ទេចកាតុង ក្នុងរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ម៉ារូ ឈុន ខប..អិលធីឌី ដែលជាប់របងផ្ទះជួលប្រជាពលរដ្ឋ។
ខណៈនោះលោកអធិការរងខណ្ឌពោធិ៍សែនជ័យ បានទាក់ទងទៅលោកអភិបាលខណ្ឌ និងលោកអធិការ ដើម្បីសុំគោលការណ៍ចាត់វិធានការ និងបញ្ជាកម្លាំងនគរបាលប៉ុស្តិ៍ ធ្វើការវាយសោទ្វាររោងចក្រឲ្យរថយន្តចូលពន្លត់ភ្លាមៗផងដែរ។
ករណីនេះ រថយន្តពន្លត់អគ្គិភ័យរបស់សាលារាជធានីភ្នំពេញ បានមកធ្វើការបាញ់ទឹកពន្លត់ចំនួន៩គ្រឿង តែប្រើប្រាស់ទឹកអស់ចំនួន៨ គ្រឿងប៉ុណ្ណោះ
ពាក់ព័ន្ធនឹងបញ្ហានេះ ខាងជំនាញផ្នែកពន្លត់អគ្គិភ័យបានបញ្ជាក់ថា ក្នុងព្រឹកថ្ងៃដដែល នឹងហៅតំណាងរោងចក្រខាងលើ ដើម្បីយកទៅធ្វើការណែនាំផងដែរ។
មូលហេតុមានអគ្គិភ័យនេះទ្បើង សមត្ថកិច្ចមិនទាន់អាចសន្និដ្ឋានបានឡើយ គ្រាន់តែដឹងថា នៅក្នុងឃ្លាំងដែលស្តុកស្បែកជើង និងកម្ទេចកាតុងនោះ មិនមានខ្សែភ្លើងនោះឡើយ៕
មតិយោបល់