ភ្នំពេញៈ បុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីបងប្អូនជីដូនមួយ នាំគ្នាដេញវាយ ហើយស្រែកថា ចោរៗ ទៀត បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង៩ និង០៥នាទីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ភួង ខ្លឹម ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិជីខ្មុល ឃុំគោព្រេជ ស្រុកគីរីវង់ ខេត្តតាកែវ មានប្រពន្ធឈ្មោះ សុត ធីតា អាយុ៣៣ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅភូមិ-ឃុំជាមួយប្តី មានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្ដាល។
ចំណែកប្អូនជីដូនមួយឈ្មោះ ឈាន ង៉ុក ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាងភ្លើង រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឌុបប្រពន្ធទៅផឹកស៊ី នៅផ្ទះមិត្តភក្តិពេលស្រវឹងបន្តិច ក៏ជិះម៉ូតូឌុបប្រពន្ធមកផ្ទះវិញ ខណៈមកដល់ចំណុចកើតហេតុ ដែលនៅជិតផ្ទះបងប្អូនជីដូនមួយម្នាក់ឈ្មោះ ង៉ុក។ ពេលនោះស្រាប់តែគាត់ដួលម៉ូតូ ក៏ត្រូវជនបង្កដែលជាបងប្អូនជីដូនមួយ មានទាំងប្រពន្ធ ព្រមទាំងកូនបានមកជួយលើកម៉ូតូរបស់គាត់ ហើយស្តីបន្ទោសថា ម៉ូតូអញទើបលក់ឲ្យសោះ ឯងយកមកជិះឲ្យដួលខូចម៉ូតូអស់ហើយ ។
ខណៈនោះជនរងគ្រោះ ក៏តបវិញថា ម៉ូតូខ្ញុំទេ ម៉េចក៏និយាយច្រើនម៉េះ ធុញណាស់ កំពុងតែដួលម៉ូតូផង ធ្វើឲ្យបងប្អូនជីដូនមួយ រួមទាំងប្រពន្ធ និងកូនទាំងអស់ខឹង ក៏នាំគ្នាមកវាយទៅលើជនរងគ្រោះជាច្រើនដៃ បណ្តាលឲ្យរងរបួសធ្ងន់ ថែមទាំងស្រែកថា ចោរៗ ធ្វើឲ្យអ្នកឃើញហេតុការណ៍ បម្រុងនាំគ្នាមកវាយ ។ ប៉ុន្តែពេលនោះ បានប្រជាពលរដ្ឋខ្លះស្គាល់ថា ជនរងគ្រោះ និងជនបង្កត្រូវជាបងប្អូនជីដូនមួយ ក៏ស្រែកប្រាប់ថា កុំជឿ ពួកគាត់ ព្រោះពួកគាត់ត្រូវជាបងប្អូននឹងគ្នាទេ។
ប្រភពដដែលបន្តទៀតថា ខណៈពេលរងរបួស គាត់បានរត់ទៅឲ្យបងប្អូនជីដូនមួយម្នាក់ទៀតជួយ ដោយរត់ប្រមាណជាង៣០០ម៉ែត្រ បានឃើញជនបង្កដេញតាមពីក្រោយ ហើយបន្ទាប់មក ទើបរត់គេចខ្លួនបាត់។ ភ្លាមៗនោះជនរងគ្រោះ ត្រូវបានបងប្អូនជីដូនម្នាក់ទៀត និងប្រពន្ធរបស់គាត់ បញ្ជូនទៅមន្ទីរពេទ្យឯកជនសម្ភពឯករាជ្យ ភ្លាមៗដើម្បីព្យាបាលរបួស។
ក្រោយពេលកើតហេតុជនរងគ្រោះ និងប្រពន្ធបានទៅដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់