ព័ត៌មានជាតិ

ចោរឆ្លៀតឱកាស នៅស្រុកព្រៃកប្បាស! ឃើញម្ចាស់ចតម៉ូតូទុកក្បែរស្រែ ធ្វើសកម្មភាពលួចកាច់សោ.ក យកទៅបាត់…

តាកែវ: កាលពីវេលាម៉ោង១១ និង៥៥នាទី ថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០១៩ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ ២នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូ ខណ:ដែលម្ចាស់ចតទុកក្បែរស្រែ នៅចំណុចលើខ្នងព្រែក ក្នុងភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ការឃាត់ខ្លួននេះ បានធ្វើឡើងភ្លាមៗបន្ទាប់ពីជនរងគ្រោះ រត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល។
ជនសង្ស័យទាំងពីរនាក់៖ ទី១ឈ្មោះ ចាន់ រិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ ស្រុកកំណើតនៅភូមិកៀនកោះ១ ឃុំសៃត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅផ្ទះជួលនៅម្តុំក្បាលថ្លល់ រាជធានីភ្នំពេញ និងទី២ឈ្មោះ នៅ បូរិន ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកលោក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល បច្ចុប្បន្នរស់នៅជាមួយប្រពន្ធនៅភូមិក្រាំងស្តៅ ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យបានលួចកាច់សោ.ក ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ1BZ 3916 ជាកម្មសិទ្ធរបស់ឈ្មោះ ឆយ ធឿន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ច សហសការគ្នាចាប់ បានជាមួយវត្ថុតាង និងម៉ូតូដែលជនសង្ស័យ ជិះធ្វើសកម្មភាពមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HK 8649។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមផ្លូវច្បាប់ រីឯម៉ូតូដែលលួច ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ៕

មតិយោបល់