ព័ត៌មានជាតិ

រថយន្តកងពលតូចដឹកជញ្ជូនលេខ ៩៩ ស្លាកលេខខេមរភូមិន្ទ3.8956 ពន្លះម៉ូតូសិស្សសាលា ស្លាប់ និងរបួស ៣នាក់

តាកែវ: កាលពីវេលាម៉ោង០៧ និង១០នាទីថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងរថយន្ត នៅចំណុចលើផ្លូវជាតិលេខ០៣ ចន្លោះគីឡូម៉ែត្រលេខ៧១-៧២ ស្ថិតក្នុងភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

រថយន្តម៉ាកនីសាន់ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ៣.៨៩៥៦(អ្នកបើកបរគេចខ្លួនបាត់) ធ្វើដំណើរពីត្បូង មកដល់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១GH ៦០២៧ បើកបរដោយឈ្មោះ លន់ ច័ន្ទដារ៉ា ភេទស្រីអាយុ១៨ឆ្នាំ មុខរបរសិស្ស (ស្លាប់នៅកន្លែងកើតហេតុ) នៅភូមិដំណាក់រវាង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ រួមដំណើរមនុស្សស្រីពីរនាក់ពីក្រោយ ទី១ឈ្មោះលន់ សោម៉ាអាយុ១៥ឆ្នាំមុខរបរសិស្ស (រងរបួសធ្ងន់) នៅភូមិឃុំជាមួយគ្នា និងម្នាក់ទៀតឈ្មោះ រឹង រចនា អាយុ១៥ឆ្នាំ មុខរបរសិស្ស (រងរបួសធ្ងន់) នៅភូមិឃុំជាមួយគ្នា បើកបរមកពីទិសខាងជើង។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ ហើយសពបានប្រគល់ជូនសាច់ញ្ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកវត្ថុតាង ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

មតិយោបល់