ព័ត៌មានជាតិ

សង្ស័យគំនុំ! ជនសង្ស័យម្នាក់ ស្ទុះមកចាក់ជនរងគ្រោះ បណ្ដាលឲ្យរបួសយ៉ាងដំណំ

កណ្ដាល: កាលពីវេលាម៉ោង ១០ និង៣០នាទីយប់ថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីហិង្សាដោយចេតនាមួយ នៅចំណុចភូមិតោតម៉ា ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ សាំង វណ្ណា ហៅស្វិត ភេទប្រុសអាយុ ២៧ឆ្នាំ រស់នៅភូមិឈូកស ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ សព្វថ្ងៃស្នាក់នៅ យាមរណ្តៅដីឲ្យឈ្មោះ វ៉ៃ នៅភូមិឃុំកើតហេតុខាងលើ។

ចំណែកជនសង្ស័យឈ្មោះអាន សុខដាវ៉ាន់ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ។

វត្ថុតាងចាប់យក៖
– ម៉ូតូម៉ាក Cup មូលពណ៌ខ្មៅចំនួន០១គ្រឿង។
– ដែកកែឆ្នៃចុងស្រួចប្រវែង ២៧សង់ទីម៉ែត្រ ចំនួន០១ ។

សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង៨យប់ថ្ងៃកើតហេតុ ជនរង គ្រោះ បានចេញទៅរកត្រីនៅតាមប្រឡាយ ជិតកន្លែងស្នាក់នៅ រហូតដល់ម៉ោង៩ និង៤០នាទីយប់ ទើបចូលមករោងស្នាក់នៅវិញ។

លុះដល់ម៉ោង ១០ និង៣០នាទីជនរងគ្រោះ កំពុងតែប្រស់ត្រី នៅក្នុងរោងស្នាក់នៅ ស្រាប់តែឃើញស្រមោល មនុស្សដើរកាត់មុខទ្វារផ្ទះ ពេលនោះជនរងគ្រោះ ក៏ដើរមកបើកទ្វារ ស្រាប់តែជនសង្ស័យ ស្ទុះមកចាក់ជនរងគ្រោះចំនួន០៣កន្លែង។

– ចំផ្នែកក្រោម.កខាងស្តាំចំនួន០១កន្លែងដេរ១ថ្នេរ
– ចំដើមដៃខាងឆ្វេងផ្នែកខាងក្រោយ ដេរចំនួន០១ថ្នេរ
– ចំថ្លើមដៃខាងឆ្វេង១កន្លែង បន្ទាប់មកជនសង្ស័យបម្រុងរត់គេចខ្លួន តែត្រូវជនរងគ្រោះ ចាប់បានហើយរាយការណ៍ទៅសមត្ថកិច្ច រួចនាំខ្លួនមកកាន់អធិការដ្ឋាន ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់