ពោធិ៍សាត់ៈ នៅវេលាម៉ោង ១៤និង០៦នាទីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទហិង្សា ត្រង់ចំណុចវាលស្បូវ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ជនសង្ស័យខាងលើឈ្មោះ មាគ សុរិន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិឃុំ។
សមត្ថកិច្ច បានឲ្យដឹងថា ការចាប់ខ្លួននេះ គឺធ្វើឡើងតាមដីកា លេខ១៦ចខ/១៩ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ របស់ចៅក្រមជំនុំជម្រះ លោក អ៊ិត សម្ផស្ស ដែលបង្គាប់ឲ្យចាប់ខ្លួនពិរុទ្ធជន ឈ្មោះ មាគ សុរិន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ.ឃុំខាងលើ ពីបទហឹង្សាដោយមានស្ថានទម្ងន់ទោស ដោយសារមរណភាពជនរងគ្រោះ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១០ នៅចំណុចភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយបានរត់គេចពីមូលដ្ឋាន ។
លោកអធិការ បានបន្តថា ដោយមានការផ្តល់ព័ត៌មាន ពីប្រជាពលរដ្ឋថា បានប្រទះឃើញជនខាងលើ បង្ហាញវត្តមានក្នុងមូលដ្ឋានវិញ ទើបមកដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុក បានចុះធ្វើការចាប់ខ្លួនជនឈ្មោះ មាគ សុរិន យកមកកាន់អធិការដ្ឋាននគរបាលស្រុក ចាត់វិធានការបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់