កណ្តាលៈ ជនសង្ស័យ ២នាក់ ក្នុងចំណោមបក្ខពួក ៤នាក់ ត្រូវនគរបាលស្រុកស្អាង ដេញតាមចាប់បានដល់ស្រុកកោះធំ ពាក់ព័ន្ធនឹងករណីលួច កាលពីវេលាម៉ោង០៨ និង១៥នាទីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះទី ធីភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យមានគ្នា ០៤នាក់៖
១.ឈ្មោះជា ម៉ា ហៅអាជ្រុយភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅ សង្កាត់ចាក់អង្រែលើ ខណ្ឌ័មានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ស្រុកកំណើត នៅភូមិពេចនា ឃុំបន្ទាយមាស ស្រុកបន្ទាយមាស ខេត្តកំពត។
២. ឈ្មោះម៉េង លីហុង ភេទប្រុសអាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ: មិនពិតប្រាកដ ស្នាក់នៅម្ដុំគីរីរម្យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុកពារាំង ខេត្តព្រៃវែង (ឃាត់ខ្លួន)។
៣. ឈ្មោះ ម៉ាប់ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ:មិនពិតប្រាកដ ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល (គេចខ្លួន)។
៤. ឈ្មោះ តន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ:មិនពិតប្រាកដ ស្នាក់នៅម្ដុំ ពេទ្យរុស្សី រាជធានីភ្នំពេញ(គេចខ្លួន)។
វត្ថុតាងចាប់យករួមមាន៖
១.ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌គ្រាប់អំពិល ស៊េរីឆ្នាំ២០០៧ ចំនួន១គ្រឿង ពាក់ស្លាកលេខភ្នំពេញ០១-៦៣៩១(ជារបស់ជនរងគ្រោះ) មានស្នាមបាក់ក្បាលម៉ូតូ។
២.ម៉ូតូចំនួន១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១AP.៩៦០៨ ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។
សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ ជនរងគ្រោះ បានទុកម៉ូតូនៅខាងមុខផ្ទះ ដោយពុំបានដកសោចេញ ព្រោះជាប់រវល់លក់ដូរ ឈ្លៀតឱកាសនោះ ជនសង្ស័យខាងលើ បានជិះម៉ូតូចំនួន២គ្រឿង មកធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះ ដោយឈ្មោះម៉េង លីហុង ឡើងជិះម៉ូតូយកទៅតែម្ដង។
ពេលជាមួយគ្នានោះម្ចាស់ម៉ូតូឃើញទាន់ ក៏បានស្រែកថា ចោរៗ ភ្លាមនោះសមត្ថកិច្ចប៉ុស្ដិ៍ស្អាងភ្នំ និងកម្លាំងអន្ដរាគមន៍ស្រុកស្អាង បានធ្វើសកម្មភាពដេញ តាមពីក្រោយជនសង្ស័យ រហូតដល់ចំណុចភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ជនសង្ស័យផ្ដួលម៉ូតូចោល រួចរត់ឡើងជិះម៉ូតូ ជាមួយឈ្មោះ ជា ម៉ា សំដៅទៅទិសខាងត្បូងតាមផ្លូវជាតិលេខ២១។
ដោយមានការដឹកនាំកម្លាំងផ្ទាល់ពីលោកវរសេនីយ៍ឯក សេង សុជាតិ (អធិការ) និងបានសហការជាមួយសមត្ថកិច្ចនគរបាលស្រុកកោះធំ ទើបសមត្ថកិច្ចនគរបាលស្រុកស្អាង ដេញតាមឃាត់ខ្លួនបានជនសង្ស័យខាងលើ នៅភូមិកោះទាវ (ក) ឃុំសំពៅពូន ស្រុកកោះធំ ចំណែកជនសង្ស័យឈ្មោះ ម៉ាប់ និងឈ្មោះតន បានជិះម៉ូតូ១គ្រឿងផ្សេងទៀតគេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ បានឃាត់ខ្លួននៅអធិការដ្ឋានគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្ដន៍តាមនីតិវីធី៕
មតិយោបល់