ភ្នំពេញៈ បុរសម្នាក់ជាអនិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក ម្នាក់ ត្រូវបានរថយន្តធុនធំកិនស្លាប់ នៅជាប់ក្រោមកង់រថយន្ត គួរឲ្យតក់ស្លុត បន្ទាប់ពីជិះម៉ូតូទាក់ដៃចង្កូតគ្នាដួល ត្រូវរថយន្តមកពីក្រោយកិន។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង១ និង០០នាទីរសៀល ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវណតប្រីដ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ សាំង សុភ័ណ្ឌ ភេទប្រុស អាយុ២៥ឆ្នាំ ជាអនិកជនខ្មែររស់នៅសហរដ្ឋអាមេរិក មកលេងនៅកម្ពុជា បានជាង២ខែមកហើយ ដោយស្នាក់នៅផ្ទះបងប្អូន ក្នុងបុរីពិភពថ្មី ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ជនរងគ្រោះ ជិះម៉ូតូ ម៉ាក ឃ្លីក ពណ៌ទឹកក្រូច លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AJ-4320 ជាមធ្យោបាយ ។
ចំណែករថយន្ត ម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-0179 ដឹកបង្គោលភ្លើង បើកបរដោយឈ្មោះ មិញ រស្មី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅ ភូមិចេកស្រទន់ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។
តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូតាមបណ្តោយផ្លូវណតប្រីដ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានជ្រុលទាក់ដៃចង្កូត ជាមួយម៉ូតូផ្សេងមួយគ្រឿង ធ្វើឲ្យជនរងគ្រោះ ដួលខ្ទាតទៅចូលកង់រថយន្តដឹកបង្គោលភ្លើង កិនស្លាប់មួយរំពេច ជាប់នឹងកង់រថយន្ត ចំណែកម៉ូតូម្ខាងទៀត មិនដួលបានបន្តដំណើរទៅបាត់។
ប្រភពដដែលបានបន្តទៀតថា ដោយឃើញសភាពមិនស្រួល អ្នកបើកបររថយន្ត បានចុះព្យាយាមរត់គេច រហូតដល់ ផ្លូវ២០០៤ ទើបកម្លាំងសមត្ថកិច្ច តាមចាប់ឃាត់ខ្លួនបាន។
ក្រោយហេតុសមត្ថកិច្ច បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ ហើយសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ បងប្អូន ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ត និងម៉ូតូ រួមទាំងអ្នកបើកបររថយន្តផង ត្រូវបានប្រគល់ជូនទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ កសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់