ព័ត៌មានជាតិ

ជនជាតិចិន បើករថយន្តវីស្តូ បុកក្បាលនាគចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងទ្រមេឃ

ភ្នំពេញ: ជនជាតិចិន២នាក់ បើករថយន្តមួយគ្រឿងលឿនដូចហោះ បានជ្រុលចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវបាក់១កង់ ចំណែករថយន្តក្រឡាប់ផ្ងារជើងឡើងលើ បណ្ដាលរងរបួសធ្ងន់ស្រាល២នាក់។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១២ និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ត្រង់ចំណុចទល់មុខព្រលានយន្តហោះពោធិ៍ចិនតុង ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៏សែនជ័យ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានព័ត៌មានដឹងថា មុនពេលកើតហេតុគេឃើញជនជាតិចិន២នាក់ បើករថយន្តមួយគ្រឿងម៉ាកវីស្តូ ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2T 9663 ធ្វើដំណើរពីកើតទៅលិចបោះពួយយ៉ាងលឿន ទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើ ចំណែកតៃកុងរងរបួសបាក់ជើងម្ខាង និងម្នាក់ទៀតរបួសស្រាល។ ភ្លាមៗនោះជនរងគ្រោះ ត្រូវបានរថយន្តសាម៉ុយឯកជនដឹក យកទៅសង្គ្រោះផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ទាក់ទងជំនាញវាស់វែងស្ទូចរថយន្តបង្ក ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក រងចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់