ភ្នំពេញៈ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦នេះ លោក សេង លាង ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសជនជាតិអាមេរិកកាំងម្នាក់ដាក់ពន្ធនាគារ កំណត់រយៈពេល២ឆ្នាំ ប៉ុន្តែអនុវត្តន៍ទោសក្នុងពន្ធនាគារ១ឆ្នាំ និងពិន័យជាប្រាក់ចំនួន៦លានរៀលចូលជាថវិការដ្ឋ ក្រោមបទចោទប្រកាន់ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន២កញ្ចប់តូច ប្រព្រឹត្តនៅម្តុំផ្សារសូរិយាម៉ល ផ្លូវ៥១ កែងនឹងផ្លូវ១៨៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤០នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។
គួររំឭកថា សវនាការលើអង្គសេចក្តីនៃសំណុំរឿងនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ។
នៅក្នុងសវនាការនាពេលនោះជនជាប់ចោទឈ្មោះ ម៉ៃ ខ័លរីយ៉ុង (Michael Ryan) ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិអាមេរិកកាំង (ពិការ) បានសារភាពថា គ្រឿងញៀន ២កញ្ចប់នោះជារបស់ខ្លួនពិតមែន គឺរូបគេបានទិញមកទុកប្រប្រាស់តែប្រើប្រាស់តែប៉ុណ្ណោះ មិនមានបំណងជួញដូរនោះទេ៕
មតិយោបល់