ត្បូងឃ្មុំៈ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់សហការណ៍ជាមួយនគរបាលរដ្ឋបាលប៉ុស្តិ៍ដារនិងទទួលបានព័ត៌មានសម្ងាត់បន្ទាប់ពីមុខសញ្ញានេះត្រូវបានប្រកាសតាមចាប់ខ្លួនចំនួន ០២ លើក នៅលើបណ្ដាញសង្គម Facebook កាលពីថ្ងៃទី ០១ មករា ២០១៩ និងថ្ងៃទី ០២ កុម្ភៈ ២០១៩ ។
ជាក់ស្តែងបន្ទាប់ពីទទួលបានព័ត៌មានភ្លាម នៅថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១២ និង ៥០ នាទី កម្លាំងបានចុះទៅដល់ចំណុចមួយតាមរយៈព័ត៌មានសម្ងាត់រាយការណ៍មកនោះ គឺបានឃើញមុខសញ្ញាចំនួន ០២ នាក់ នៅកំពុងបុកប៊ីយ៉ែផ្ទះមួយកន្លែង ៖ ១.ឈ្មោះ នី រ៉សាត ហៅ ពៅ ភេទប្រុស អាយុ ៣០ ឆ្នាំ ជាតិខ្មែរ-ឥស្លាម , ២.ឈ្មោះ ហ៊ឹម កំរ៉ី ហៅ សាន់ រៃ ភេទប្រុស អាយុ ២៧ ឆ្នាំ ជាតិខ្មែរ-ឥស្លាម រស់នៅភូមិសាឡង់២ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំជាមួយគ្នា ។
នគរបាលឆែកឆេរទៅលើខ្លួនឈ្មោះ ហ៊ឹម កំរ៉ី ហៅ សាន់ រៃ ភេទប្រុស បានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យថាថ្នាំញៀនចំនួន ១៥ កញ្ចប់ លាក់ទុកក្នុងកញ្ចប់បារី ។
ក្រោយពីកម្លាំងបញ្ជូនខ្លួនមុខសញ្ញាចំនួន ០២ នាក់ ដែលចាប់បាននោះ មកដលើអធិការដ្ឋាននគរបាលស្រុក នគរបាលជំនាញយើងបានរកឃើញនូវដីកាចំនួន ០៣ ច្បាប់ ដែលបានចោទលើឈ្មោះ នី រ៉សាត ហៅ ពៅ ភេទប្រុស នោះជាមុខសញ្ញាមានក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួនរហូតចំនួន ០៣ ដីកា ៖ ដីកាលេខ ១៣៦ ចុះថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៦ របស់លោកស្រី នូ ច័ន្ទសុគន្ធា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ ចោទពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិកំពាន់ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៦ ។
ដីកាលេខ ០៥ ចុះថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៧ របស់លោក ឈិត វិនា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ បានបើកការស៊ើបសួរ និងដាក់ឲ្យពិនិត្យពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិសំរោងជើង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៦ ។
ដីកាលេខ ១៥៤ ចុះថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨ របស់លោក សុខ លី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ បានចោទពីបទ ទទួលផលចោរកម្ម ប្រព្រឹត្តនៅភូមិសាឡង់២ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៦ ។
ចំពោះមុខសញ្ញាឈ្មោះ ហ៊ឹម កំរ៉ី ហៅ សាន់ រៃ ភេទប្រុស នោះជាសញ្ញាមានក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៣៨៩ ចុះថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៨ របស់លោកស្រី ហៃ ណៃហេង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ ត្រូវចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិចំការគ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៨ ។
បច្ចុប្បន្នមុខសញ្ញាទាំងពីរត្រូវបានកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ កសាងសំណុំរឿង រួមទាំងវត្ថុតាងម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១៥ កញ្ចប់ បញ្ជូនទៅឲ្យតុលាការខេត្តត្បូងឃ្មុំ ចាត់ការតាមនីតិវិធីច្បាប់ដោយយោងតាមដីកាបង្គាប់ឲ្យចាប់ វត្ថុតាងដែលសមត្ថកិច្ចយើងដកហូតចំពោះមុខ និងចម្លើយសារភាពរបស់ជនល្មើស ៕
មតិយោបល់