រដ្ឋាភិបាលប្រទេសហ្កំប៊ី ដែលជាអ្នកដាក់ពាក្យប្តឹងទៅតុលាការអាមេរិក បានសម្តែងការត្រេកអរ ចំពោះការសម្រេច របស់តុលាការក្រុងវ៉ាស៊ីនតោន។ នៅក្នុងសាលដីកា លោកចៅក្រម Zia Faruqui បានលើកឡើងថា ការបដិសេធរបស់ក្រុមហ៊ុន Facebook មិនព្រមបើកបង្ហាញជាសាធារណៈ នូវសារនានាដែលពាក់ព័ន្ធ និងការញុះញង់ពន្យុះឲ្យមានការកាប់សម្លាប់ លើប្រជាជនរ៉ូហ៊ីងយ៉ា ដោយសំអាងលើការការពារសិទ្ធិឯកជនរបស់អ្នកប្រើប្រាស់នោះ គឺវាមិនមែនជារឿងសមហេតុសមផលទេ។
លោកចៅក្រម បានសង្កត់ធ្ងន់ថា ការបិទផ្អឹបសារទាំងនោះ គឺមានន័យស្មើនឹងការបិទខ្ទប់ ការស្វែងរកការពិត និងការឆ្វេងយល់ អំពីតួនាទីរបស់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ញុះញង់ បំប៉ោងឲ្យស្អប់ខ្ពើមគ្នា ហើយដែលវាឈានទៅបង្ក ឲ្យមានការប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ លើប្រជាជនរ៉ូហ៊ីងយ៉ា។ លោកចៅក្រម បានបន្ថែមថា សាររបស់ថ្នាក់ដឹកនាំភូមា ដែលពាក់ព័ន្ធនឹងការញុះញង់ឲ្យស្អប់ខ្ពើមប្រជាជនរ៉ូហ៊ីងយ៉ា គឺវាមិនត្រូវបានចាត់ទុកថា អាចត្រូវការពារ ដោយសិទ្ធិឯកជនរបស់អ្នកប្រើប្រាស់នោះទេ។
គួររំលឹកថា ក្រុមហ៊ុន Facebook ត្រូវបានគេរិះគន់ថាបានខ្វះចំណាត់ការ ទាក់ទិននឹងការផ្សព្វផ្សាយសារ អំពាវនាវឲ្យប្រើអំពើហិង្សា កាប់សម្លាប់ប្រជាជនរ៉ូហ៊ីងយ៉ា នៅលើបណ្តាញសង្គមរបស់ខ្លួន កាលពីឆ្នាំ២០១៧។ យ៉ាងហោចណាស់ មានប្រជាជនរ៉ូហ៊ីងយ៉ា ៧៤ម៉ឺននាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស ចេញពីការកាប់សម្លាប់នៅភូមា។ យោងតាមអង្គការសិទ្ធិមនុស្សខ្លះ ប្រជាជនរ៉ូហ៊ីងយ៉ា ជាច្រើនពាន់នាក់ ដែលត្រូវបានក្រុមជនពុទ្ធសាសនាជ្រុលនិយម និងកងទ័ពភូមាសម្លាប់។
កាលពីថ្ងៃព្រហស្បតិ៍ ក្រោយតុលាការក្រុងវ៉ាស៊ីនតោន ចេញសាលដីកា Facebook បានអះអាងថា ខ្លួនបានសហការដោយស្ម័គ្រចិត្ត ប្រមាណ១ឆ្នាំមកហើយ ជាមួយនឹង យន្តការស៊ើបអង្កេតឯករាជ្យ ស្តីពីភូមា (IIMM) បង្កើតឡើងដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស។ Facebook និងបន្តផ្តល់ជូននូវទិន្នន័យបន្ថែមទៀត ទៅតាមការវិវឌ្ឍន៍នៃការស៊ើបអង្កេតនេះ។
គួរបញ្ជាក់ថា នៅខែសីហាឆ្នាំ២០១៨ បេសកកម្មស្រាវជ្រាវអង្គហេតុ (MEF) នៃក្រុមការងាររបស់អង្គការសហប្រជាជាតិ បានសន្និដ្ឋានថា គឺអាចមានករណី ប្រល័យពូជសាសន៍ ធ្វើទៅលើប្រជាជនរ៉ូហ៊ីងយ៉ា បង្កឡើងដោយកងទ័ពភូមា។ នៅខែកញ្ញា ឆ្នាំដដែល តុលាការព្រហ្មទណ្ឌអន្តរជាតិ ក្រុងឡាអេ បានបើកការស៊ើបអង្កេតបឋម ដើម្បីឈានទៅចោទប្រកាន់ មន្ត្រីកងទ័ពភូមា និងមនុស្សមួយចំនួនទៀត ពីបទ ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាម៕
មតិយោបល់