ព័ត៌មានជាតិ

Update៖នីសាន់ឈប់ស្តុប ត្រូវរថយន្តដាក់សញ្ញាស្រាបៀរកម្ពុជាបុកគូទប៉ើងប្រហែល១០ម៉ែត្រ នារីម្នាក់របួសធ្ងន់

ភ្នំពេញ: រថយន្តម៉ាក នីសាន់មួយគ្រឿង បានធ្វើដំណើរមកឈប់ស្តុប នៅផ្លូវចូលស្ពានលីយ៉ុងផាត់ ខណ:នោះ ក៏មានរថយន្តកូរ៉េដាក់ស្លាកសញ្ញាស្រាបៀរកម្ពុជាមួយគ្រឿង បានបើកយ៉ាងលឿន ទៅបុកគូទរថយន្តនីសាន់ខាងលើ ចំពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តនីសាន់ប៉ើងខ្ទាត ពីស្តុបប្រហែលជាង១០ម៉ែត្រ ធ្វើឲ្យនារីម្នាក់អង្គុយក្នុងរថយន្តនីសាន់រងរបួសធ្ងន់ ត្រូវបានសាច់ញាតិបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងែទី២៩ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ក្បែរផ្លូវចូលស្ពានលីយ៉ុងផាត់ ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿង ម៉ាក នីសាន់ ពណ៌ប្រផះ បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយបុរសម្នាក់និងនារី២នាក់ទៀតក្នុងរថយន្ត ដែលមានពាក់ស្លាកលេខ ឧត្តរមានជ័យ 2A- 0387 បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុ រថយន្តឈប់ចតស្តុប ផ្លូវបត់ចូលស្ពានលីយ៉ុងផាត់ ស្រាប់តែពេលនោះ ក៏មានរថយន្តកូរ៉េមួយគ្រឿង របស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ដែលមានពាក់ស្លាកលេខ ភ្នំពេញ 2V- 4336 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយបុរស២នាក់ទៀត បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦អា ស្របទិសគ្នា ក្នុងទិសដៅពីជើង ទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ដោយវាក់អើរជាមួយរថយន្តនីសាន់ដែលកំពុងឈប់ស្តុបនោះ ក៏ជ្រុលទៅបុកគូទរថយន្ត នីសាន់ខាងលើ ចំពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តនីសាន់ខាងលើ បានខ្ទាតជាង១០ម៉ែត្រ បណ្តាលឲ្យនារីម្នាក់អង្គុយក្នុងរថយន្តនីសាន់នោះ បានរងរបួសធ្ងន់ ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់ភ្លាមៗតែម្តង។ ចំណែករថយន្តនីសាន់ បានរងការខូចខាតមួយផ្នែកខាងក្រោយបែកកញ្ចក់ខ្ចេច រីឯរថយន្តកូរ៉េដែលដាក់ស្លាកសញ្ញាស្រាបៀរកម្ពុជាវិញ បានក្រពឹតផ្នែកខាងមុខផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់