កណ្ដាលៈ រថយន្ដ FORD RANGER មួយគ្រឿង បើកបត់ឆ្វេងឆ្លងផ្លូវមិនប្រយ័ត្ន ចំពេលម៉ូតូជិះលឿនឈប់មិនទាន់ បានបុកពេញមួយទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់បុរសម្នាក់ (ភាគីម៉ូតូ)។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨ និង១២នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣០-៣១ ស្ថិតក្នុងភូមិទួលងោគ ឃុំកំពង់លួង ស្រុកពញាឭ ខេត្តកណ្តាល ។
ជនរងគ្រោះពុំទាន់ស្គាល់អត្ដសញ្ញាណ ជិះម៉ូតូម៉ាក HONDA WAVE ធុនសេ១០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GF-6407 ។ ចំណែករថយន្ដម៉ាក FORDRANGER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-2592 បើកបរដោយឈ្មោះ អ៊ុ សុធឿន ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិចំការលួង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកញពង់ស្ពឺ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុគេឃើញ រថយន្ដ FORDRANGER ខាងលើ បើកបរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងដើម្បីប្ដូរគន្លងផ្លូវ ក្នុងគោលបំណងត្រឡប់ទៅក្រោយវិញ ខណៈដែលឆ្លងផ្លូវ មិនបានប្រយ័ត្ន ស្របពេលដែលមានម៉ូតូមួយគ្រឿង បើកដោយល្បឿនលឿន ក្នុងទិសដៅពីត្បូងទៅជើង ជាន់ហ្វ្រាំងឈប់មិនទាន់ ក៏បានបុកជាមួយរថយន្តចំហៀងផ្នែកខាងឆ្វេង បណ្តាលឲ្យជនរងគ្រោះដួល ទៅនឹងផ្លូវរងរបួសធ្ងន់តែម្ដង ។
ក្រោយពីមានហេតុការណ៍ ជនរងគ្រោះត្រូវបានរថយន្ដសាមុយដឹកបញ្ជូន ទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកពញាឮ រីឯមធ្យោបាយពាក់ព័ន្ធ ត្រូវបាននគរបាលចរាចរណ៍ស្រុក ចុះធ្វើការពិនិត្យវាស់វែង និងដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់