ព័ត៌មានជាតិ

ជនជាតិកូរ៉េបើកលុចស៊ីស RX300 ស្លាកលេខភ្នំពេញ 2Q-6929 បុករះម៉ូតូ និងផ្ទះពលរដ្ឋលក់ដូរ ស្លាប់ និងរបួស ៣នាក់ នៅកណ្ដាល

កណ្ដាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ដលុចស៊ីស បើកបុកម៉ូតូ២គ្រឿង និងបន្ដបុកផ្ទះពលរដ្ឋលក់ដូរ តាមដងផ្លូវបន្ថែមទៀត បណ្ដាលឲ្យបុរសអ្នកបើកបរម៉ូតូម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ ចំណែកឥវ៉ាន់លក់ដូរមួយចំនួនរងការខូចខាត។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៣០-៣១ ស្ថិតក្នុងភូមិព្រៃតាតូច ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង។

ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ឃី ឃុន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង2J-4716 រួមអ្នករួមដំណើរម្នាក់ ឈ្មោះ ដូង ចន្ធូ ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ (រងរបួសធ្ងន់) ។ ជនរងគ្រោះ២នាក់ទៀត ត្រូវជាប្ដីប្រពន្ធនឹងគ្នា មានទីលំនៅភូមិរោងដំរី ឃុំក្រោក ស្រុកបាភ្នំ ខេត្តព្រៃវែង រីឯភាគីម៉ូតូម្ខាងទៀតម៉ាក ហុងដាគុប ធុនសេ៥០ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ1D-9983 បើកបរដោយឈ្មោះ ផុន ជឿន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិកណ្ដោល ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ (រងរបួសធ្ងន់) ។

ចំណែកឯរថយន្ដម៉ាកលុចស៊ីស RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2Q-6929 បើកបរដោយឈ្មោះ យូ ជែឈិន(YOO JAE CHUN) ភេទប្រុស អាយុ៦៧ឆ្នាំ ជាជនជាតិកូរ៉េ បច្ចុប្បន្នស្នាក់នៅផ្ទះ៦៣៧ ក្រុម៤២ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល មានអ្នករួមដំណើរ២នាក់ ទី១-ឈ្នោះKIM JONGGIRLl ភេទស្រី និងទី២-ឈ្មោះ KNOW JONG RAN ភេទប្រុស បច្ចុប្បន្នស្នាក់នៅភូមិ/ឃុំជាមួយគ្នា។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តលុចស៊ីសបើកបរ ដោយជនជាតិកូរ៉េខាងលើ បានធ្វើដំណើរយ៉ាងលឿន តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង (ពីខេត្ដតាកែវមកភ្នំពេញ) លុះមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូ២គ្រឿងខាងលើ ដែលធ្វើដំណើរក្នុងទិសដៅច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។ រីឯស្រ្ដីជាប្រពន្ធរួមដំណើរជាមួយរងរបួសធ្ងន់ ចំណែកជនរងគ្រោះម្នាក់ទៀត ជាអ្នកបើកបរម៉ូតូហុងដាគុប ទទួលរងរបួសធ្ងន់។

បន្ទាប់ពីរថយន្ដខាងលើបានបុកម៉ូតូជនរងគ្រោះរួច មិនទាន់អស់ល្បឿនទេ បានរេចង្កូតទៅបុកផ្ទះប្រជាពលរដ្ឋលក់ដូរតាមដងផ្លូវបន្ថែមទៀត បណ្ដាលឲ្យឥវ៉ាន់ និងសម្ភារៈផ្សេងៗមួយចំនួនខូចខាតផងដែរ។

ក្រោយពីមានហេតុការណ៍ សមត្ថកិច្ចបានចុះអន្ដរាគមន៍ ឃាត់រថយន្ដទាំងអ្នកបើកបរទុក រីឯជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចហៅរថយន្ដសាមុយដឹក បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។

ដោយឡែកមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចធ្វើការពិនិត្យវាស់វែង ហើយកសាងឯកសារ និងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំពោះសាកសពជនរងគ្រោះ ត្រូវបាននគរបាលជំនាញប្រគល់ទៅឲ្យសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់